សង្គម Feb 21, 2023

ដើមឆ្នាំ២០២៣ ប្រជាពលរដ្ឋទូទៅហាក់ចាប់អារម្មណ៍លើវិស័យមូលបត្រច្រើន

image

លោកស្រី​ ​គឹម​ ​សុផា​នីតា​ ​​ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទី​ផ្សារ​ ​នៃ​ផ្សារ​មូលបត្រ​កម្ពុជា​បាន​ប្រាប់​ ​M​JQ​T​V​ ​ថា​ ​ក​ម្រិ​ត​យល់​ដឹង​ពី​វិ​ស័​យ​មូលបត្រ​របស់​ប្រជាពលរដ្ឋ​ទូទៅ​គឺ​នៅ​ទាប​ ​ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ទីប្រជុំជន​ ​ជាពិសេស​ប្រជាពលរដ្ឋ​ក្នុង​វ័យ​កណ្ដាល​គឺ​ចាប់ផ្ដើម​យល់​ដឹង​ជា​បណ្ដើរៗ​ ​បើ​ទោះ​ជា​គាត់​មិនទាន់​យល់ច្បាស់​ពី​អ្វី​ទៅជា​ផ្សារ​មូលបត្រ​ ​ប៉ុន្តែ​យ៉ាងហោចណាស់​គាត់​បាន​ស្គាល់​ពី​ផ្សារ​ហ៊ុន​ឬ​ភាគ​ហ៊ុន​នេះ​។​ ​អ្នកស្រី​បន្ថែម​ថា​ ​ក្នុងរយៈពេល​២​ទៅ​៣​ឆ្នាំ​ចុងក្រោយ​នេះ​ ​គឺ​ប្រជាពលរដ្ឋ​បាន​ចាប់អារម្មណ៍​និង​តាមដាន​អំពី​វ​ស័​យ​មួយ​នេះ​។​

បើ​តាម​លោកស្រី​ ​គឹម​ ​សុផា​នីតា​ ​រហូត​មកដល់ពេលនេះ​មាន​អ្នក​បើក​គណនី​សម្រាប់​ជួញ​ដូរ​ក្នុង​វិ​ស័​យ​មូលបត្រ​ប្រមាណ ​៣​ ​៥​០​០​០​គណនី​ ​ដែល​ចំនួន​នេះ​គឺ​នៅ​តិច​បើ​ធៀប​ជាមួយ​ចំនួន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ប៉ុន្តែ​បើ​ធៀប​ជាមួយ​ចំនួន​អ្នក​ដែល​មក​បើក​គណនី​កាលពី​២​ទៅ​៣​ឆ្នាំមុន​គឺ​មាន​អត្រា​ខ្ពស់​ជាង​ឆ្ងាយ​ ​ខណៈ​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុងតែ​ស្វែងយល់​ព័ត៌មាន​អំពី​វិ​ស័​យ​មូលបត្រ​នេះ​ ​តាមរយៈ​បណ្ដាញ​សង្គម​ ​និង​ចូលរួម​ផ្ទាល់​តាមរយៈ​សិក្ខា​សា​នានា​ដែល​រៀបចំ​ទាក់ទង​នឹង​វិ​ស័​យ​មូលបត្រ​។​

​អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា​ ​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​បង្កើត​គណនី​ដើម្បី​ជួយ​ដូរ​ក្នុង​វិ​ស័​យ​មូលបត្រ​នេះ​ក៏មាន​ផង​ដែរ​អ្នក​ដែល​បាន​ចូល​ទិញ​-​លក់​ភាគ​ហ៊ុន​ក្នុង​វិ​ស័​យ​មួយ​នេះ​ ​ដែល​ភាគច្រើន​គឺ​ប្រជាពលរដ្ឋ​ក្នុង​វ័យ​កណ្ដាល​ ​និង​យុវជន​ ​។​

​បច្ចុប្បន្ន​គឺ​មាន​ក្រុមហ៊ុន​ចំនួន​៩​ហើយដែល​បាន​ចុះបញ្ជី​លក់​ជា​ភាគ​ហ៊ុន​ ​ក្នុង​នោះ​មាន​៧​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ទី​ផ្សារ​គោល​ ​និង​ក្រុមហ៊ុន​២​ទៀត​គឺ​បាន​ចុះបញ្ជី​ក្នុង​ប្រភេទ​ទី​ផ្សារ​កំណើន​៕​