វប្បធម៌ Apr 05, 2022

វិចិត្រកររចនារូបសំណាក «ព្រះថោងនាងនាគ» ប្រើពេលជាង ២ ឆ្នាំ ទើបសាងសង់រួចរាល់ទាំងនៅខ្មែរនិងចិន

image

លោក សុខ ចំរើន ដែលជាវិចិត្រករនិងជាម្ចាស់សិប្បកម្ម នរះសឹង្ហ ដែលទទួលសិទ្ធិរចនារូបសំណាកគំរូព្រះថោងនាងនាគ បានប្រាប់ MJQTV ថា ដំបូងឡើយមានក្រុមហ៊ុនមួយចំនួនដាក់ដេញថ្លៃក្នុងការរចនារូបសំណាកនេះ តែមានតែក្រុមការងារលោកប៉ុណ្ណោះដែលក្រសួងបានសម្រេចផ្តល់សិទ្ធិក្នុងការរចនារូបសំណាកស្ពាន់គំរូនេះឡើង ដោយសារលោកមានបទពិសោធយូរឆ្នាំខាងចម្លាក់ក្បាច់ និងរចនាបថខ្មែរសម័យបុរាណតាំងពីឆ្នាំ ១៩៩៧ មក។ 

លោក ចំរើន បានបន្ថែមថា ក្រុមការងាររបស់លោកនៅប្រទេសកម្ពុជាប្រមាណ ៦ នាក់ ត្រូវប្រើពេល ៣ ខែក្នុងការរចនារូបសំណាកគំរូព្រះថោងនាងនាគ ហើយខាងមន្រ្តីក្រសួងពាក់ព័ន្ធប្រើពេល ៦ ខែទៀត ដើម្បីពិនិត្យនិងវាយតម្លៃលើការរចនា ពិសេសក្បាច់របស់តួអង្គទាំងពីរ។

អតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ បានពន្យល់ថា ពាក់ព័ន្ធនឹងក្បាច់នៃរូបសំណាក ខាងភាគីក្រសួងជាអ្នកផ្តល់ឱ្យ ដោយតម្រូវយកក្បាច់សម័យកណ្តាល សម្រាប់តួអង្គរូបសំណាកព្រះថោង ឯមកុដសម្រាប់តួអង្គព្រះនាងនាគគឺយកតាមរចនាបថអង្គរ។ 

ក្រោយពេលរចនារួចរាល់ ហើយខាងភាគីក្រសួងក៏បានយល់ព្រមជាមួយនឹងរចនាបថ រូបសំណាកព្រះថោងនាងនាគត្រូវដឹកបន្តទៅប្រទេសចិនដើម្បីស្លពុម្ពខ្នាតធំកម្ពស់ ២១ ម៉ែត្រ។ យ៉ាងណាមិញ ដោយសារវិបត្តិកូវីដ ទើបធ្វើឱ្យរូបសំណាកត្រូវអូសបន្លាយពេលដល់ទៅ ២ ឆ្នាំ ដោយលោកបានត្រឹមតែទាក់ទងជាមួយភាគីចិនតាមប្រព័ន្ធអនឡាញប៉ុណ្ណោះ។ 

វិចិត្រកររូបនេះ ពន្យល់ថា ការធ្វើការងារតាមអនឡាញទៅលើកិច្ចការស្លពុម្ពរូបសំណាកដ៏ធំមហិមានេះ មានការលំបាកគួរសម ហើយការទាក់ទងគ្នា ត្រូវមានអ្នកបកប្រែជាភាសាចិននៅចាំសម្របសម្រួល។ លោកប្រាប់ដោយស្មោះត្រង់ថា រូបសំណាកព្រះថោងនាងនាគដែលដឹកមកតម្លើងនៅខេត្តព្រះសីហនុនេះ មានសភាពដូចរូបសំណាកដើម ៨០ ភាគរយប៉ុណ្ណោះ តែលោកក៏ស្ងើចសរសើរភាគីចិន ដែលព្យាយាមប្រិតប្រៀងទៅលើក្បាច់ ត្បិតថាលោកមិនបានទៅមើលផ្ទាល់ក៏ដោយ។

យ៉ាងណាមិញ វិចិត្រករមានស្រុកកំណើតនៅខេត្តពោធិ៍សាត់រូបនេះ បានបង្ហាញមោទកភាពជាខ្លាំង ក្រោយពេលការងារជាច្រើនឆ្នាំបានរួចរាល់ ពិសេសរូបសំណាកព្រះថោងនាងនាគ បានក្លាយជាស្នាដៃសិល្បៈទុកសម្រាប់ក្មេងជំនាន់ក្រោយ។

រូបសំណាកព្រះថោងនាងនាគ ធ្វើឡើងពីស្ពាន់ មានកម្ពស់សរុប ២១ម៉ែត្រ បល្ល័ង្គកម្ពស់ ៦,៣៤ម៉ែត្រ។ រូបសំណាកនេះតម្លើងនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគ ដោយព្រះភ័ក្រ្តបែរទៅសមុទ្ររាមខេត្តព្រះសីហនុ ទ្រង់យាងទៅជួបព្រះមាតាបិតានៅឋានភុជង្គនាគ ដែលជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ៕