អប់រំ Apr 01, 2024

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ថ្លែងអំពីស្ថានភាពវិស័យអប់រំកម្ពុជាបច្ចុប្បន្ន

image

ព្រឹត្តិការណ៍ TEDx Phnom Penh បានប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៩៖០០នាទីព្រឹក រហូតដល់ ម៉ោង១៧៖០០នាទីល្ងាច ដែលមានទីតាំងនៅរោងភាពយន្ត Major Cineplex ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី (Aeon Mall Sen Sok City)។​

ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន​ ម៉េងលី ជេ. អេឌ្យូខេសិន (MJQE) បានចូលរួមជាវាគ្មិនកិត្តិយស និងឡើងថ្លែងអំពីស្ថានភាពវិស័យអប់រំនៅកម្ពុជា។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត កត់សម្គាល់ថា រយៈពេលប្រមាណ ៤០ឆ្នាំចុងក្រោយ វិស័យអប់រំមានលក្ខណៈបែបបុរាណ ប៉ុន្តែបច្ចុប្បន្នរាជរដ្ឋាភិបាលក្រសួងអប់រំ យុវជន និងកីឡា វិធីសាស្រ្តក្នុងការបង្រៀនសិស្ស បានវិវត្តន៍ម្ដងបន្តិចៗ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត សង្កេតឃើញថា នៅក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានចាប់ផ្ដើមពង្រឹង និងសហការជាមួយគ្រឹះស្ថាន ឬសាលាបែបទំនើបផ្សេងៗជាច្រើន។

យ៉ាងណាមិញ អ្នកឧកញ៉ា វេជ្ជបណ្ឌិត បានលើកឡើងថា បញ្ហាប្រឈមនៅក្នុងវិស័យអប់រំរបស់កម្ពុជា គឺនៅមានកង្វះខាតក្នុងការផ្ដល់ការប្រឹក្សាដល់សិស្ស-និស្សិត (Counselling) ឱ្យបានត្រឹមត្រូវអំពីមុខជំនាញដែលពួកគេគួរតែសិក្សារៀនសូត្រ។

បន្ថែមពីនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី យល់ថា បណ្ដាគ្រឹះស្ថានសិក្សាសាធារណៈគួរតែមានផ្នែកប្រឹក្សាសុខភាពជូនដល់សិស្សានុសិស្ស។ ក្រៅពីនេះ គ្រឹះស្ថានសិក្សាសាធារណៈក៏គួរតែមានការប្រឹក្សាដល់សិស្សានុសិស្ស ដើម្បីតម្រង់ទិសឱ្យពួកគេថា តើពួកគេគួរតែបន្តសិក្សានៅសាកលវិទ្យាល័យ ឬគួរតែសិក្សាមុខជំនាញវិជ្ជាជីវៈ? ពោល បើពុំមានការប្រឹក្សានេះ នឹងធ្វើឱ្យសិស្សានុសិស្សវង្វេងមិនដឹងថា គួរបន្តសិក្សានៅសាកលវិទ្យាល័យ ឬសិក្សាជំនាញវិជ្ជាជីវៈ។

សូមបញ្ជាក់ថា ការវិលត្រឡប់មកជាថ្មីរបស់ព្រឹត្តិការណ៍ដែលបានខកខានរៀបចំជាង១០ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ: អនាគតដ៏ចីរភាព "SUSTAINABLE FUTURE" ហើយព្រឹត្តិការណ៍នេះបាននាំយកអ្វីដែលថ្មី ជាមួយបទពិសោធនៃការចូលរួមល្អៗ ដើម្បីទទួលយកធ្វើជាចំណេះដឹង ព្រមទាំងអ្វីដែលកាន់តែពិសេសជាងមុនទៅទៀតគឺ មានការចូលរួមពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិដែលមកពីវិស័យផ្សេងៗគ្នា ថែមទាំងសុទ្ធសឹងតែមានសមត្ថភាព និងបទពិសោធដែលធ្លាប់ឆ្លងកាត់ពីមុនមក ក៏ដូចជានាំយកនូវដំណោះស្រាយដ៏ល្អ សម្រាប់ដោះស្រាយនូវបញ្ហាមួយចំនួនដែលសហគមន៍កំពុងតែជួបប្រទះ។

គួរឱ្យដឹងថា វាគ្មិននៅក្នុងឆ្នាំ ២០២៤នេះ រួមមាន ព្រះតេជគុណ គូ សុភាព ឯកឧត្តមបណ្ឌិត តាន់ មុន្នីវណ្ណ, អ្នកឧកញ៉ា គួច ម៉េងលី, សាស្តាចារ្យ បណ្ឌិត សម្បូរណ៌ មង្គលសម្បត្តិ, Jimmy Meng, សេង ហ្កេកលី, ស៊ិន កុសល, ឃួន ច័ន្ទទេវី, សួង សុភក្រ័, រ៉ា ប៊ី, Avi Yaron, Barak Ekshtein, Eliva Alaluf និងវាគ្មិនជាច្រើនរូបទៀត៕

 

អត្ថបទដោយ៖ យឺន សីហា