ដោយសារមានកូនចិត្តជាអ្នកសប្បុរសតាំងពីក្មេង អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី រួមទាំងក្រុមគ្រួសារ បានឆ្លៀតក្នុងឱកាសនេះ រៀបចំអំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគដល់ពលរដ្ឋមានជីវភាពខ្វះខាតចំនួនជាង ៦០០ គ្រួសារ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបង្ហាញអារម្មណ៍ត្រេកអរនិងជ្រះថ្លាជាខ្លាំង ដែលលោកនិងក្រុមគ្រួសារ បានត្រឡប់មកទីកន្លែងកំណើតនៅខេត្តបាត់ដំបង ដើម្បីរៀបចំពិធីបុណ្យបច្ច័យបួននិងចម្រើនអាយុវឌ្ឍនៈមង្គល ជូនដល់លោកឪពុកអ្នកម្តាយដ៏មានគុណ រួមទាំងលោកពូអ្នកមីងជាទីគោរពស្រឡាញ់ ហើយក៏ដូចជាជួយដល់ពលរដ្ឋដែលមានជីវភាពទីទាល់ក្រផងដែរ។ លោកបានបញ្ជាក់ឱ្យដឹងថា កម្មវិធីមួយនេះទាំងមូល បានចំណាយប្រាក់អស់ប្រមាណជាង ៣ ម៉ឺនដុល្លារ។
ទន្ទឹមនឹងការរៀបចំពិធីនេះដែរ អ្នកឧកញ៉ា ក៏សូមឆ្លៀតឱកាសអំពាវនាវដល់បណ្តាអ្នកមានលទ្ធភាពផ្សេងៗ ឱ្យជួយចែករំលែកដល់ពលរដ្ឋក្រីក្រ និងរួមដៃគ្នាអភិវឌ្ឍតាមភូមិស្រុកនានាទូទាំងប្រទេសតាមលទ្ធភាព ដើម្បីជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្រក្នុងសង្គម។
ជារៀងរាល់ឆ្នាំរយៈពេលជាង ២០ ឆ្នាំមកនេះ អ្នកឧកញ៉ាដែលពលរដ្ឋកម្ពុជាជាច្រើនស្គាល់តាមរយៈការផ្តល់ដំបូន្មានដ៏មុតស្រួចទាំងផ្នែកសុខភាពនិងការអប់រំ តែងតែដឹកនាំមូលនិធិ ម៉េងលី ជេ. គួច របស់លោក ចុះទៅតាមខេត្តនានាទូទាំងប្រទេស យកអំណោយចែកជូនដល់បងប្អូនក្រីក្រ ក៏ដូចជារួមចំណែកក្នុងសង្គមជួយកសាងទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រទុកសម្រាប់បម្រើជាប្រយោជន៍ដល់ពលរដ្ឋទូទៅផងដែរ។ បើគិតមកទល់ពេលនេះ មូលនិធិ ម៉េងលី ជេ. គួច របស់ឧកញ៉ា បានចំណាយប្រាក់ខ្ទង់លានដុល្លារហើយ ក្នុងការជួយដល់ពលរដ្ឋក្រីក្រនិងការកសាងនានានៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសកម្ពុជា៕
ក្រុមការងាររាយការណ៍ផ្ទាល់ពីខេត្តបាត់ដំបង៖ លោក អឿ ស៊ីណា