ខណៈចូលរួមជាអធីបតីភាពក្នុងពិធីសម្ពោធក្រុមហ៊ុន MMN អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃ MJQ Education និងជាស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងចាងហ្វាងនៃ MJQ Media Network បានថ្លែងថា លោកពិតជាមានសេចក្តីសោមនស្សជាខ្លាំង ដែលក្រុមហ៊ុនបណ្តាញព័ត៌មានថ្មីរបស់លោកបានបើកសម្ពោធនៅថ្ងៃនេះ ពិសេសមានភ្ញៀវកិត្តិយសនិងមិត្តអ្នកសារព័ត៌មានពីបណ្តាអង្គភាពជាច្រើនបានចូលរួមនៅថ្ងៃសម្ពោធដ៏មហោឡារិកនេះ។
អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា ក្រុមហ៊ុន MMN ប្រមូលផ្តុំសុទ្ធតែបុគ្គលិកជំនាញនិងមានទេព្យកោសល្យក្នុងវិស័យតែងនិពន្ធនិងព័ត៌មានជាច្រើនឆ្នាំ។ ក្រុមហ៊ុននេះ មានចក្ខុវិស័យវែងឆ្ងាយក្នុងការរួមចំណែកជាច្រើនក្នុងការជួយជំរុញឱ្យវិស័យអប់រំ និងវប្បធម៌ខ្មែរកាន់តែរីកចម្រើនឡើង។ លោកបន្ថែមថា បច្ចុប្បន្នអ្នកសារពត័មានមួយចំនួននៅកម្ពុជា ពុំមានវិជ្ជាជីវៈត្រឹមត្រូវហើយខ្លះទៀតពុំបានប្រើចំណេះជំនាញវិជ្ជាជីវៈរបស់ខ្លួនឱ្យត្រូវតាមគោលដៅក្នុងវិស័យសារព័ត៌មាននោះទេ ដែលធ្វើឱ្យតម្លៃនៃអ្នកសារព័ត៌មានមិនសូវជាមានការឱ្យតម្លៃខ្ពស់។
មូលហេតុដែលអ្នកឧកញ៉ាបង្កើតក្រុមហ៊ុន MMN នេះឡើង ដោយសារលោកចង់ឱ្យស្ថាប័នរបស់លោក ក្លាយជាប្រភពផ្តល់ចំណេះដឹងដ៏មានសក្តានុពលនិងទំនុកចិត្តសម្រាប់ពលរដ្ឋកម្ពុជាឱ្យទទួលបានព័ត៌មានប្រកបដោយចំណេះដឹងនិងគុណភាពតាមវិជ្ជាជីវៈ ដើម្បីជំរុញដល់ការរស់នៅនិងការប្រកបអាជីវកម្មឱ្យកាន់តែល្អប្រសើរឡើង។
ទន្ទឹមនឹងនេះដែរ លោក នេត ចំរើន ដែលជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន MMN បានឱ្យដឹងថាក្រុមហ៊ុន MMN នឹងពុះពារនិងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងស្ថាប័នព័ត៌មានមួយនេះឱ្យកាន់តែមានភាពល្បីល្បាញ ពិសេសជាចំណែកមួយក្នុងការលើកស្ទួយវិស័យសារព័ត៌មាននៅកម្ពុជាប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវក្នុងការកសាងសង្គមជាតិឱ្យកាន់តែរឹងមាំ។
លើសពីនេះ លោកបានបន្ថែមថា MMN អាចមានថ្ងៃនេះ ដោយសារមានការជួយតម្រង់ទិសពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏ដូចជាទទួលបានការជួយជ្រោមជ្រែងពីសំណាក់ លោកនាយក ចាងហ្វាង ប្រធានផ្នែក និងលោកគ្រូអ្នកគ្រូកន្លងមក ដែលនៅទីបំផុត MMN ក៏អាចបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ៣០ មេសា ឆ្នាំ ២០២២ ក្រោមការចូលរួមពីភ្ញៀវកិត្តិយសនិងអ្នកសារព័ត៌មានជាច្រើនរយនាក់។
ក្រុមហ៊ុន MMN មានបុត្រសម្ពន្ធទាំងអស់ចំនួន ៧ ដែលជាបណ្ដាញផ្សព្វផ្សាយឌីជីថលដ៏សម្បូរបែបរួមមាន៖ MJQTV ជាបណ្តាញទូរទស្សន៍អនឡាញ ផលិតកម្មវិធីជាច្រើនដូចជា ចក្ចុវិស័យ គួច ម៉េងលី, កញ្ចក់សេដ្ឋកិច្ច, ជីវិតខ្ញុំ, ទំព័រសៀវភៅ និងគ្រោងផលិតកម្មវិធីជាច្រើនទៀតសម្រាប់បម្រើជាចំណីអារម្មណ៍ថ្មីដល់ទស្សនិកជន។
គេហទំព័រសារព័ត៌មាន The Intercon Rooster (TIR) ផ្តោតសំខាន់លើការផ្សព្វផ្សាយព័ត៌មានជាតិ អន្តរជាតិ សេដ្ឋកិច្ច គន្លឹះអាជីវកម្ម វប្បធម៌ ប្រវត្តិសាស្រ្ត សុខភាព អប់រំ កម្សាន្ត បទយកការណ៍ចម្រុះនិងព័ត៌មានភ្លាមៗនៅតាមបណ្ដាលខេត្ដទូទាំងប្រទេស។
ក្រៅពីស្ថាប័នជាឆ្អឹងខ្នងពីរខាងលើ គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច ហៅកាត់ថា MJQUP បានដើរតួនាទីសំខាន់ក្នុងការបោះពុម្ពផ្សាយសៀវភៅប្រកបដោយគុណភាព។ គ្រឹះស្ថានបោះពុម្ពនេះ ផ្តោតសំខាន់លើការស្រាវជ្រាវ ប្រមូលចងក្រងនូវទស្សនៈ មតិយោបល់ល្អៗរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងន័យលើកទឹកចិត្ត និងអប់រំដល់យុវជនជំនាន់ក្រោយដែលចង់ចេះចង់ដឹងពីការធ្វើអាជីវកម្ម ការសិក្សា និងការថែទាំសុខភាព។
បន្ថែមពីលើបុត្រសម្ពន្ធទាំងបី ដែលបានដំណើរការដោយមានភាពល្បីល្បាញ MMN ក៏បានពង្រីកសក្តានុពលខ្លួន ដោយបានបង្កើតបុត្រសម្ពន្ធ ៤បន្ថែមទៀតរួមមាន៖ Family Health ជាបណ្តាញផ្សព្វផ្សាយឌីជីថល ស្តីពីចំណេះដឹងសុខភាព, EnterFashion ជាបណ្តាញផ្សព្វផ្សាយស្តីពីភាពទំនើបនិយម ក្នុងការរស់នៅនាសម័យទំនើប, Education Chronicle ប្រមូលផ្តុំទៅដោយអត្ថបទនិងគំនិតអប់រំសម្រាប់ពលរដ្ឋគ្រប់វ័យ និងចុងក្រោយ Business Update ជាបណ្តាញផ្សព្វផ្សាយស្តីពីគន្លឹះអាជីវកម្ម ទស្សនអាជីវកម្ម និងរបកគំហើញថ្មីៗ ស្តីពីជំនួញ ភាពជោគជ័យ និងភាពបរាជ័យ ដែលជាមេរៀនក្នុងការប្រកបអាជីវកម្ម៕
រូបភាព៖ អឿ ស៊ីណា