ប្រាក់ស្លឹងនេះ ត្រូវបានបោះពុម្ពប្រើប្រាស់ក្នុងអំឡុងឆ្នាំ ១៥១៤ ជំនាន់ហ្លួងព្រះស្តេចកន ឬព្រះបាទស្រីជេដ្ឋាធិរាជរាមាធិបតីក្រោយទទួលបានជ័យជំនះលើស្ដេចស្រីសុគន្ធបទ។
បើតាមប្រសាសន៍សម្តេច ហ៊ុន សែន ប្រាក់ស្លឹងក្នុងសម័យស្តេចកន ត្រូវបានស្រាវជ្រាវយកមកវិញពីប្រទេសហុឡង់ រួចក៏បានបោះពុម្ពឡើងវិញនៅសម័យថ្មីដើម្បីជាកាដូជូនសិស្សនិទ្ទេស A ក្នុងគោលបំណងចង់រំឮកដល់ការធ្វើជំនួញរបស់កម្ពុជាជាមួយបណ្តាប្រទេសជាច្រើននាសម័យនោះ ហើយក៏ជាពេលដែលកម្ពុជាប្រើប្រាស់រូបិយវត្ថុដើម្បីចាយវាយផងដែរ។
ក្រៅពីកាដូប្រាក់ស្លឹង សម្តេចបានផ្តល់ថវិកាដល់សិស្សនិទ្ទេស A ក្នុងម្នាក់ ២លានរៀល, iPad ១គ្រឿង សៀវភៅ២ ក្បាល ដោយមួយក្បាលជាច្បាប់ប្រៀនប្រដៅរបស់បណ្ឌិត អ៊ូ ចុង និងមួយច្បាប់ទៀតជាច្បាប់ប្រៀនប្រដៅក្រមង៉ុយ។ លើសពីនេះ លោកគ្រូអ្នកគ្រូ នាយក នាយិកាសាលា ដែលដឹកនាំសិស្សមកទទួលរង្វាន់ ទទួលបានប្រាក់ ១ លានរៀលនិងប្រាក់ស្លឹងមួយ ហើយសាលាទាំង ៤២១ ដែលមានសិស្សជាប់និទ្ទេស A ក្នុងមួយសាលាបានប្រាក់រង្វាន់ ៣ លានរៀល។
បើមើលត្រឡប់ទៅក្រោយបន្តិច ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១១៤ ១៨៥ នាក់ ដែលក្នុងនោះមានបេក្ខជនជាប់សរុបចំនួន ៧២ ០១៦ នាក់ ដែលស្មើនឹងប្រមាណ ៦៥,៦៥ ភាគរយ។
ក្នុងនោះដែរ សិស្សជាប់និទ្ទេស A ចំនួន ១ ៧៥៣នាក់, និទ្ទេស B ចំនួន ៥ ២១៥នាក់, និទ្ទេស C ចំនួន ១១ ៦៣៤នាក់, និទ្ទេស D ចំនួន ២៣ ៤៩៩នាក់ និង និទ្ទេស E ចំនួន ២៩ ៩១៥នាក់៕