អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃ MJQ Education និងជាស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងចាងហ្វាងនៃ MJQ Media Network បានបង្ហើបឱ្យដឹងក្នុងបទសម្ភាសន៍ជាមួយ MJQTV ថា តាំងពីពេលដែលលោកចាកចេញពីសហរដ្ឋអាមេរិក ត្រឡប់មកទឹកដីកំណើតប្រទេសកម្ពុជាធ្វើជាគ្រូពេទ្យស្ម័គ្រចិត្តក្នុងឆ្នាំ ២០០២ លោកមានក្តីអាណិតអាសូរប្រជាជនរួចបាត់ទៅហើយ រហូតកើតកូនចិត្តប្តេជ្ញាព្យាបាលពលរដ្ឋដោយឥតគិតថ្លៃឱ្យខាងតែបាន។
អ្នកឧកញ៉ាថា ការណ៍ដែលលោកសម្រេចចិត្តព្យាបាលជំងឺពលរដ្ឋដោយមិនយកប្រាក់ ដោយសារគ្រួសារលោកធ្លាប់រងទុក្ខលំបាកវេទនារាប់មិនអស់កាលពីជំនាន់មុនៗ ពោលគឺគ្មានពេលណាបានសប្បាយរីករាយឡើយ។ ហេតុនេះហើយ ទើបជំរុញឱ្យអ្នកខេត្តបាត់ដំបងរូបនេះ មិនចង់ឃើញពលរដ្ឋខ្មែរជួបការលំបាកនិងរស់រងទុក្ខជាមួយជំងឺ ដូចលោកនិងគ្រួសារធ្លាប់ជួបពីអតីតកាលនោះទេ។
«ឱ្យតែឃើញពលរដ្ឋខ្មែរ ឃើញពលរដ្ឋក្រីក្រ ខ្ញុំចេះតែមានចិត្តអាណិត អ៊ីចឹងហើយទើបចង់ព្យាបាលពួកគេឱ្យអស់លទ្ធភាព»។ ប្រសាសន៍អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។
លោកបន្តថា ឆ្នាំ ២០០៥ ជាពេលមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) របស់លោក បានចាប់បដិសន្ធិឡើង។ តាំងពីពេលនោះមក លោកបានបើកគ្លីនីកព្យាបាលចំនួន ៨ ទីតាំងតាមសាលារៀនទាំងពីរ បូកទាំងការិយាល័យផ្ទាល់របស់លោក ក៏ដូចជាមានមូលនិធិ ម៉េងលី ជេ. គួច ដែលមានតួនាទីជួយប្រឹក្សានិងព្យាបាលអ្នកជំងឺក្រីក្រដោយមិនយកប្រាក់មួយកាក់មួយសេនឡើយ។
អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន MJQ Education បានសង្កត់ធ្ងន់ថា លោកមិនត្រឹមតែព្យាបាលពលរដ្ឋដោយមិនយកប្រាក់ប៉ុណ្ណោះទេ តែថែមទាំងផ្តល់ប្រាក់ឱ្យអ្នកជំងឺមួយចំនួនដើម្បីព្យាបាលជំងឺថែមទៀត។ លោកថា ភាគច្រើនប្រាក់ខែរបស់លោក ត្រូវយកទៅចំណាយលើថ្លៃព្យាបាលអ្នកជំងឺ ដោយក្នុងមួយខែ លោកចំណាយថវិកាផ្ទាល់ខ្លួន (ដោយមិនគិតពីប្រាក់មូលនិធិ) ប្រមាណពី ៥ ០០០ ទៅ ១០ ០០០ ដុល្លារឯណោះ។
ក្រៅពីអ្នកជំងឺទូទៅ គ្លីនីករបស់លោក ក៏បានជួយព្យាបាលបុគ្គលិកនិងក្រុមគ្រួសារបុគ្គលិកគ្រប់ផ្នែកនៃក្រុមហ៊ុន MJQ Education រាប់ពាន់នាក់ ដោយមិនយកប្រាក់ផងដែរ។ លោកថា លោកមើលថែទាំងអ្នកក្រៅនិងបុគ្គលិកទាំងអស់របស់លោក ដែលបានប្រឹងប្រែងដើម្បីស្ថាប័ន ពោលគឺមិនឱ្យពួកគេជួបការលំបាកដោយសារបញ្ហាជំងឺណាមួយនោះឡើយ។
លោកបានបញ្ជាក់ថា កាលមុនលោកតែងតែចំណាយពេលពីម៉ោង ៤ ល្ងាចដល់ម៉ោង ១០ ឬ ១១យប់ ដើម្បីប្រឹក្សាយោបល់និងព្យាបាលអ្នកជំងឺដែលមកជួបលោកដល់ការិយាល័យ មិនដែលបានសម្រាកគ្រប់គ្រាន់នោះទេ។ ពេលខ្លះក៏មានអ្នកជំងឺសុំប្រឹក្សាតាមតេឡេក្រាមរហូតរាប់រយនាក់ក្នុងមួយថ្ងៃក៏មាន។
ទៅអនាគត អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបង្ហើបថា លោកគ្រោងនឹងបង្កើតកម្មវិធីទូរសព្ទមួយដែលអាចប្រឹក្សានិងផ្តល់សេវាកម្មចម្រុះក្នុងការព្យាបាលជំងឺដល់ពលរដ្ឋ ខណៈបច្ចុប្បន្នក្រុមការងាររបស់លោក កំពុងដំណើរការលើគម្រោងមួយនេះ។ លោកក៏ចង់អំពាវនាវនិងស្វាគមន៍ដល់អ្នកវិនិយោគទាំងឡាយណា ដែលចង់សហការពាក់ព័ន្ធនឹងគម្រោងបង្កើតកម្មវិធីនេះ ដើម្បីរួមចំណែកលើកស្ទួយដល់វិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា។
ជាចុងក្រោយ អ្នកឧកញ៉ា បានសំណូមពរដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យយកចិត្តទុកដាក់កាន់តែខ្លាំងក្នុងវិស័យសុខាភិបាល ពិសេសលើដំណើរការពិនិត្យនិងព្យាបាលជំងឺ ដើម្បីធានានូវសុខុមាលភាពរបស់ពលរដ្ឋ។ យ៉ាងណាមិញ លោកក៏មានសុទិដ្ឋិនិយមខ្ពស់ចំពោះការប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាកន្លងមកនេះ ដែលបានយកចិត្តទុកដាក់លើវិស័យសុខាភិបាល តែលោកក៏នៅបន្តស្នើឱ្យមានច្បាប់តឹងរឹងបន្ថែមទៀត ដើម្បីត្រួតពិនិត្យលើគ្លីនិកព្យាបាលឯកជន ដើម្បីធានាបានថា គ្រូពេទ្យមានជំនាញតាមវិជ្ជាជីវៈច្បាស់និងមានស្តង់ដារត្រឹមត្រូវ ចៀសវាងមានការថ្លោះធ្លោយចំពោះអាយុជីវិតអ្នកជំងឺ៕