រដ្ឋាភិបាលប្រទេសនូវែលហ្សេឡង់ គ្រោងនឹងចំណាយថវិកាជាតិដល់ទៅ ៣៥៧ លានដុល្លារ ទៅលើកម្មវិធីសាកល្បងនេះ ដោយរួមបញ្ចូលទាំងការឧបត្ថម្ភសម្រាប់អាជីវកម្មផ្សេងៗ ដើម្បីបោះជំហ៊ានងាកទៅរកការប្រើប្រាស់រថយន្តក្រុងបៃតងនៅត្រឹមឆ្នាំ ២០៣៥ និងការទប់ស្កាត់កាកសំណល់អាហារតាមផ្ទះមួយភាគធំនៅត្រឹមចុងទសវត្សរ៍នេះតែម្តង។
បើតាមនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern មានប្រសាសន៍ថា «នេះជាការបោះជំហ៊ានថ្មីជាប្រវត្តិសាស្រ្តសម្រាប់គម្រោងកាត់បន្ថយការបំភាយឧស្ម័យពុលរបស់យើង។ កន្លងមកថ្មីៗនេះ យើងបានឃើញរបាយការណ៍ជាច្រើនរួចមកហើយអំពីការកើនឡើងនីវ៉ូទឹកសមុទ្រនិងផលប៉ះពាល់របស់វាចំពោះប្រទេសនូវែលហ្សេឡង់។ យើងមិនអាចទុកបញ្ហាផ្លាស់ប្តូរអាកាសធាតុឱ្យបន្តកើតឡើងរហូតដល់ហួសពេលដោះស្រាយនោះទេ។»
គួរបញ្ជាក់ថា ផែនការនេះ ធ្វើឡើងស្របទៅនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៦ ស្តីពីការផ្លាស់ប្តូរអាកាសធាតុ ដ៏ដូចជាគោលដៅលុបបំបាត់ឧស្ម័នកាបូនិចក្នុងបរិយាកាសត្រឹមឆ្នាំ ២០៥០។
លើសពីនេះផែនការរបស់រដ្ឋាភិបាល ក៏នឹងដាក់គោលដៅយ៉ាងណាកាត់បន្ថយការប្រើប្រាស់ការធ្វើដំណើរដោយរថយន្តត្រឹម ២០ ភាគរយនៅ ១៣ ឆ្នាំបន្ទាប់ ដែលជំនួសមកវិញនូវមធ្យោបាយដឹកជញ្ជូនសាធារណៈក្នុងទីក្រុងកាន់តែប្រសើរ ក៏ដូចជាផ្តល់ជម្រើសបន្ថែមសម្រាប់អ្នកចូលចិត្តជិះកង់និងធ្វើដំណើរដោយថ្មើរជើងថែមទៀតផង៕
រូបភាព៖ AP