សុខភាព Sep 18, 2024

កម្ពុជានឹងមានភ្លៀងធ្លាក់ច្រើនលើសធម្មតាដោយសារតែទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ

image

យោងតាមការអង្កេត និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា បង្ហាញថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ (Tropical Depression) ដែលស្ថិតនៅសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគកណ្ដាល ប្រទេសវៀតណាម និងភាគកណ្ដាល នៃអាងទន្លេមេគង្គ។ ប្រព័ន្ធវិសម្ពាធនេះ និងរបបខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំង លើព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងចេញដោយ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

អាស្រ័យស្ថានភាពធាតុអាកាសខាងលើ នឹងបណ្ដាលឱ្យ តំបន់វាលទំនាប មានផ្ទៃមេឃពោរពេញទៅដោយពពកច្រើនជាមួយនឹងភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា និងមានខ្យល់បក់មានពីទិសនិរតី និងខ្យល់ខ្លាំង (ឬខ្យល់កន្រ្តាក់) បក់ក្នុងកម្រិតល្បឿនមធ្យម ដែលរួមមានដូចជា៖ ខេត្តបន្ទាយមានជ័យ តាកែវ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល និងរាជធានីភ្នំពេញ។

ចំណែកនៅតំបន់ខ្ពង់រាប ផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីធម្មតា និងមានខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង (ឬខ្យល់កន្រ្តាក់) បក់កម្រិតល្បឿនបង្គួរ ដែលរួមមានដូចជា៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី និងតំបន់ជួរភ្នំក្រវាញ។ ដោយឡែក ចំពោះតំបន់មាត់សមុទ្រវិញ ផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គរ រន្ទះ ច្រើនខ្លាំងលើសពីកម្រិតធម្មតា និងមានខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង (ឬខ្យល់កន្រ្តាក់) បក់ក្នុងកម្រិតល្បឿនខ្លាំងគួរឱ្យកត់សម្គាល់ ដែលរួមមានដូចជា៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងជួរភ្នំបូកគោ។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជន ប្រជានេសាទ និងអាជ្ញាធរដែនដី ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសដែលមានភ្លៀង ផ្គរ រន្ទះ ជាមួយនឹងខ្យល់កន្រ្តាក់ ដែលអាចជាកត្តាបណ្ដាលឱ្យមានជំនន់ទឹកភ្លៀង និងរលកសមុទ្រខ្ពស់ៗ៕

អត្ថបទដោយ៖ យឺន សីហា