សុខភាព Feb 12, 2024

កម្ពុជាមានអ្នកឆ្លងជំងឺMpoxចំនួន៣នាក់ទៀត ខណៈករណីឆ្លងជំងឺនេះកំពុងកើនឡើង

image

ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី០៩ និងថ្ងៃទី១០ ខែកុម្ភៈ​ ឆ្នាំ២០២៤ បង្ហាញថា មានអ្នកឆ្លងជំងឺអឹមផក(Mpox) ចំនួន ៣នាក់បន្ថែមទៀត។ អ្នកជំងឺទាំង ៣នាក់ថ្មីនេះ ជាប្រជាពលរដ្ឋមានទីលំនៅស្ថិតនៅខណ្ឌដង្កោ ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ ខណៈបច្ចុប្បន្នពួកគេត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវហើយ។ ដូច្នេះ អ្នកជំងឺដែលកើតជំងឺអឹមផកសរុបកើនដល់ ៩នាក់។

ជាការកត់សម្គាល់ ក្រសួងសុខាភិបាលសង្កេតឃើញថា និន្នាការនៃចម្លងជំងឺអឹមផក នៅព្រះរាជាណាចក្រកម្ពុជា មានការកើនឡើង ស្របគ្នានឹងនិន្នាការសកលលោកបច្ចុប្បន្ន។ យោងតាមការផ្សព្វផ្សាយរបស់អង្គការសុខភាពពិភពលោក(WHO) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ជំងឺអឹមផកបាននិងកំពុងផ្ទុះរាលដាលក្នុងប្រទេសចំនួន ១១៧ ដែលក្នុងនោះ មានករណីឆ្លងជំងឺអឹមផកសរុបចំនួន ៩៣,០៣០នាក់ និងករណីស្លាប់ចំនួន ១៧៦នាក់ នៅលើពិភពលោក។

ជាមួយគ្នា ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារដើម្បីបង្ការនូវការរីករាលដាលជំងឺអឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ ដោយចូលរួមស្វែងយល់នូវរបៀបចម្លង និងត្រូវអនុវត្តវិធានការបង្ការនានាឱ្យបានម៉ឺងម៉ាត់៕

អត្ថបទដោយ៖ យឺ​ន សីហា