កម្មវិធីសន្និសីទ នៃការបង្រៀនថ្នាក់ជាតិ ឬNational Teaching Conference (NTC) លើកដំបូងត្រូវប្រារព្ធជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ដោយមានវត្តមានយ៉ាងច្រើនកុះករពីសំណាក់អ្នកបម្រើការងារនៅក្នុងវិស័យអប់រំរហូតដល់ទៅជាង ១,៥០០នាក់។ កម្មវិធីនេះ មានការអញ្ជើញជាអធិបតីដោយឯកឧត្ដមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងលោក ហ៊ាង ឡាឌី ប្រធានការិយាល័យមធ្យមសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។
កម្មវិធីសន្និសីទ នៃការបង្រៀនថ្នាក់ជាតិ ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងដោយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ដែលជាក្រុមហ៊ុនបម្រើសេវាអប់រំដ៏ឈានមុខគេនៅកម្ពុជា និងទទួលបានការគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីសន្និសីទ នៃការបង្រៀនថ្នាក់ជាតិ អាចលេចចេញជារូបរាងបានដោយទទួលបានការជួយពីដៃគូសហការជាច្រើន និងរៀបចំធ្វើនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) រាជធានីភ្នំពេញ។
ឯកឧត្ដមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា៖ «កម្មវិធីសន្និសីទ នៃការបង្រៀនថ្នាក់ជាតិ ជាកម្មវិធីដែលមានសារៈសំខាន់ក្នុងការជួយជំរុញវិស័យអប់រំរបស់កម្ពុជា។ មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡារូបនេះ ក៏បានថ្លែងកោតសរសើរចំពោះក្រុមហ៊ុន ម៉េងលី ជេ. គួច ម.ក ដែលបានផ្ដួចផ្ដើមរៀបចំឱ្យមានកម្មវិធីនេះឡើង។ ឯកឧត្ដម អ៊ុម រម្យណី សង្កត់ធ្ងន់ថា៖ «ដើម្បីជំរុញឱ្យវិស័យអប់រំកាន់តែដើរទៅមុខបាន កម្ពុជាត្រូវតែមានគ្រូបង្រៀន ឬអ្នកអប់រំ ដែលពោរពេញទៅដោយគុណភាព ទើបកម្ពុជាអាចផលិតបានធនធានមនុស្សដែលមានគុណភាព។»
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានសម្ដែងក្ដីរំភើបរីករាយ ដោយសារមានអ្នកចូលរួមកម្មវិធីសន្និសីទ នៃការបង្រៀនថ្នាក់ជាតិ (NTC) ច្រើនកុះករ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត បានបញ្ជាក់ថា៖ «មូលហេតុដែលក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ផ្ដួចផ្ដើមគំនិតរៀបចំកម្មវិធីនេះឡើង ព្រោះបច្ចុប្បន្ននៅកម្ពុជាមិនទាន់មានការរៀបចំកម្មវិធីបែបនេះនៅឡើយទេ ដូច្នេះទើបបានជាក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក សម្រេចរៀបចំកម្មវិធីដែលប្រមូលផ្ដុំទៅដោយអ្នកបម្រើការងារក្នុងវិស័យអប់រំ ឱ្យមានឱកាសចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ខ្លួនទៅវិញទៅមក។»
ជាមួយគ្នា អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានកត់សម្គាល់ថា៖ «កម្មវិធីសន្និសីទ នៃការបង្រៀនថ្នាក់ជាតិលើកដំបូងនេះ នឹងផ្ដោតសំខាន់លើការប្រើប្រាស់ប្រព័ន្ធឌីជីថល ដែលកំពុងក្លាយជាវិធីសាស្រ្តបង្រៀនថ្មីឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត បង្ហាញក្ដីរំពឹងថា កម្មវិធីសន្និសីទ នៃការបង្រៀនថ្នាក់ជាតិនេះ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញ និងបង្កើនគុណភាពអប់រំនៅកម្ពុជា។»
សូមបញ្ជាក់ថា កម្មវិធីសន្និសីទ នៃការបង្រៀនថ្នាក់ជាតិលើកដំបូង នឹងត្រូវប្រារព្ធឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែសីហា រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។ រយៈពេលពីរថ្ងៃនេះ អ្នកចូលរួមនឹងទទួលបានការចែករំលែកចំណេះដឹង បទពិសោធន៍ និងវិធីសាស្រ្តពីអ្នកដែលចូលរួមក្នុងនាមជាអ្នកធ្វើបទបង្ហាញ ដែលសុទ្ធសឹងតែជាអ្នកបម្រើការងារនៅក្នុងវិស័យអប់រំ។ កម្មវិធីសន្និសីទ នៃការបង្រៀនថ្នាក់ជាតិនេះ នឹងបើកឱកាសឱ្យអ្នកចូលរួម ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ សម្រាប់យកមកដុសខាត់ចំណេះជំនាញរបស់ខ្លួន៕
អត្ថបទដោយ៖ យឺន សីហា