អប់រំ Feb 02, 2024

ការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុចូលកម្មសិក្សាចំណេះទូទៅនឹងជួយឱ្យសិស្សចេះពីការគ្រប់គ្រងថវិកា គេចផុតពីអន្ទាក់បំណុល

image

លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពី ”ការអនុវត្តគម្រោងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដំណាក់កាលទី៣” ក្រោមអធិបតីភាព លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា និងមានការចូលរួមពីតំណាង ដៃគូអភិវឌ្ឍន៍ មន្ត្រីមកពីស្ថាប័នពាក់ព័ន្ធ រដ្ឋ និងឯកជន។ សិក្ខាសាលានេះរៀបចំធ្វើនៅឯមណ្ឌលសិក្សាបច្ចេកទេសធនាគារ។

ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា៖ គោលដៅបញ្ជ្រាបចំណេះដឹងអក្ខរកម្មហិរញ្ញវត្ថុ មិនមែនគ្រាន់តែផ្ដោតលើលេខនព្វន្ត និងការគណនាប៉ុណ្ណោះទេ តែនឹងរួមបញ្ចូលនូវជំនាញ និងចំណេះដឹងជាច្រើនដែលចាំបាច់សម្រាប់សុខុមាលភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ ឧទាហរណ៍ ការយល់ដឹងអំពីគំនិតថវិកា ការសន្សំ ការវិនិយោគ ធនាគារ និងការខ្ចីប្រាក់ជាដើមដែលតម្រូវឱ្យអនុវត្តប្រកបដោយការទទួលខុសត្រូវ។ ជំនាញទាំងនេះ មានសារៈសំខាន់សម្រាប់បុគ្គលម្នាក់ៗ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេប្រកបដោយប្រសិទ្ធភាព ចៀសវាងអន្ទាក់បំណុល និងធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុខុស។ លើសពីនេះទៅទៀត តាមរយៈការរួមបញ្ចូលការអប់រំផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សា យើងអាចជួយបណ្តុះវប្បធម៌ទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងភាពប្រុងប្រយ័ត្នខ្ពស់ រួមទាំង Crypto-currency ផងដែរ។

ថ្លែងក្នុងសិក្ខាសាលាខាងលើនេះ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានសង្កត់ធ្ងន់ថា៖ “ការអប់រំផ្នែកហិរញ្ញវត្ថុ នឹងផ្ដល់ឱ្យសិស្សនូវជំនាញក្នុងការរុករកទិដ្ឋភាពហិរញ្ញវត្ថុដ៏ស្មុគ ស្មាញ រៀនពីរបៀបបង្កើត និងគ្រប់គ្រងថវិកា ស្វែងយល់ពីផលប៉ះពាល់នៃការសម្រេចចិត្តហិរញ្ញវត្ថុ និងវាយតម្លៃជម្រើសនៃការវិនិយោគផ្សេងៗ ដូច្នេះវាពិតជាចាំបាច់ដែលត្រូវ បញ្ជ្រាបការអប់រំផ្នែកហិរញ្ញវត្ថុទៅក្នុងមុខវិជ្ជាដែលមានស្រាប់ ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលផ្ដោតលើការអភិវឌ្ឍមូលធនមនុស្សជាអាទិភាព ឈានទៅប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០

គួរឱ្យដឹងថា ការដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ គឺជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដោយសារ សម្ដេច យល់ឃើញថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺជា កត្តាគន្លឹះមួយក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិ។

សូមជម្រាបផងដែរថា ធនាគារជាតិនៃកម្ពុជា បានចាប់ផ្តើមសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា អនុវត្តការងារបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ តាំងពីឆ្នាំ២០១៧។ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា បានបញ្ចប់ការងារបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅដំណាក់កាលទី ១ និងដំណាក់កាលទី ២រួចរាល់ហើយ។ ដំណាក់កាលទី១ ផ្តោតលើការងារកំណត់មុខវិជ្ជាដែលត្រូវបញ្ជ្រាបក្នុងចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ចំណែកឯដំណាក់កាលទី២ ផ្តោតលើការងាររៀបចំឯកសារសិក្សាសម្រាប់គ្រូនិងសិស្ស ការងារបណ្តុះបណ្តាលគ្រូបង្គោល និងការងារបង្រៀនសាកល្បងសម្រាប់ថ្នាក់ទី ៤ និងទី ៧។

ដោយឡែក សម្រាប់ដំណាក់កាលទី ៣ នេះ ជាការបញ្ជ្រាបចំណេះដឹងផ្នែកហិរញវត្ថុ ទៅក្នុងកម្មវិធីសិក្សាសម្រាប់ថ្នាក់ដែលនៅសល់ចំនួន ៧ ថ្នាក់ រួមមាន៖ ថ្នាក់ទី ៥, ៦, ៨, ៩, ១០, ១១ និង ១២។ គម្រោងដំណាក់កាលទី ៣ មានរយៈពេល ៣ ឆ្នាំ និងត្រូវរៀបចំឯកសារសិក្សាសម្រាប់ថ្នាក់ ដែលនៅសល់ ដូចជាការបណ្តុះបណ្តាលគ្រូបង្គោល និងការធ្វើតេស្តសាកល្បងនៅតាមសាលារៀនជាក់ស្តែង។ នេះបើតាមការបញ្ជាប់របស់ធនាគារជាតិ នៃកម្ពុជា៕

អត្ថបទដោយ៖ យឺន សីហា