ក្រសួងបរិស្ថាន បញ្ជាក់ថា ការបំពុលខ្យល់នៅកម្ពុជាមានកម្រិតត្រឹមតែចន្លោះពី ២០ទៅ៤០មីក្រូក្រាមក្នុងមួយម៉ែត្រគូប(μg/m3)ដែលកម្រិតតូចជាងកម្រិតស្តងដា ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូប(μg/m3) កំណត់ដោយអង្គការសុខភាពពិភពលោក(WHO)។ ក្រសួងអះអាងថា កម្រិតនេះមិនចោទជាបញ្ហាគួរឱ្យព្រួយបារម្ភដូចការផ្សព្វផ្សាយរបស់មតិ និងសារព័ត៌មានមួយចំនួននោះទេ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ចេញនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤។
ជាមួយគ្នា ក្រសួងបរិស្ថាន បញ្ជាក់ឱ្យដឹងថា នាពេលបច្ចុប្បន្ន ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់បញ្ហាទាំងនេះ តាមរយៈការដាក់ចេញនូវយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រមទាំងបានអំពាវនាវឱ្យគ្រប់ដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិចូលរួមផងដែរ។ ក្រសួងក៏បានចាត់វិធានការបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ដោយរួមសហការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធ។
ក្រសួងគូសបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ចំនួនភ្លើងឆេះព្រៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅកម្ពុជាមានការថយចុះបើប្រៀបធៀបនឹងឆ្នាំ២០១៩ និងឆ្នាំ២០២០ និងកម្រិតការបំពុលខ្យល់ដោយភាគល្អិតនិចល PM2.5 ក៏មានការថយចុះ និងនៅក្រោមកម្រិតស្តង់ដា។ លើសពីនេះ នៅក្នុងទិសដៅលើកកម្ពស់ការថែរក្សាបរិស្ថានឱ្យមានភាពស្រស់ស្អាត និងផ្ដល់នូវសុខុមាលភាពដល់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការប្រើប្រាស់ប្រេងឥន្ធនៈស្តង់ដា EURO 4 និង EURO 5 ដែលបានកាត់បន្ថយយ៉ាងច្រើននូវការសាយភាយសារធាតុបំពុលខ្យល់ចូលទៅក្នុងបរិយាកាស។
ជាការកត់សម្គាល់បន្ថែមផងដែរ ក្រសួងបិរស្ថានសង្កត់ធ្ងន់ថា ការការពារគុណភាពខ្យល់នៅតែជាអាទិភាពរបស់ក្រសួងបរិស្ថាន តាមរយៈការអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ក្រសួងបានប្រកាសត្រៀមខ្លួនក្នុងការសហការជាមួយប្រទេសជាមិត្ត និងអង្គការអន្តរជាតិទាំងអស់ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការបង្ការ និងទប់ស្កាត់បញ្ហាបំពុលខ្យល់ សម្ដៅធានាសុខុមាលភាពប្រជាជនក្នុងតំបន់ និងនៅក្នុងពិភពលោក។
សូមបញ្ជាក់ថា ការបំពុលខ្យល់កើតឡើងនៅពេលសារធាតុប្រកបដោយគ្រោះថ្នាក់ (សារធាតុពុល) ត្រូវបានបញ្ចេញទៅក្នុងខ្យល់ ឬបរិយាកាស។ ការបំពុលខ្យល់អាចបង្កផលប៉ះពាល់ដល់ការដកដង្ហើម និងអាចបង្កជាជំងឺមួយចំនួន។ ការបំពុលខ្យល់អាចកើតឡើងពីប្រភពធម្មជាតិ ដូចជា៖ ភ្លើងឆេះព្រៃ ធូលី និងបន្ទុះភ្នំភ្លើង។ មួយចំណែកធំនៃការបំពុលខ្យល់ កើតឡើងមកពីសកម្មភាពរបស់មនុស្ស ដូចជា៖ ឧស្ម័នដែលបញ្ចេញពីរោងចក្រថាមពល ជី និងសំណល់សត្វពីកសិដ្ឋាន ចង្ក្រានដុតអុស ផ្សែងចេញមកពីរថយន្ត និងសកម្មភាពជាច្រើនផ្សេងទៀត៕
អត្ថបទដោយ៖ យឺន សីហា