អប់រំ Feb 01, 2024

ការអនុវត្តស្តង់ដាសាលារៀនគំរូជាកំណែទម្រង់អប់រំកម្រិតសាលារៀនជាកញ្ចប់ផ្ដោតសំខាន់លើគ្រឹះស្ថានសិក្សាសាធារណៈ

image

ថ្លែងក្នុងពិធីផ្សព្វផ្សាយស្ដង់ដាសាលារៀនគំរូ និងការលើកកម្ពស់ស្ដង់ដាសាលារៀនគំរូ នៅថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០២៤នេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា៖ “ការអនុវត្តស្តង់ដាសាលារៀនគំរូ គឺជាកំណែទម្រង់អប់រំកម្រិតសាលារៀនជាកញ្ចប់ដោយផ្លោតជាសំខាន់លើគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់កម្រិតមធ្យមសិក្សាទុតិយភូមិ ក្នុងគោលបំណងពង្រឹងចំណេះដឹង និងសីលធម៌របស់សិស្សឱ្យបានល្អប្រសើរ ដើម្បីឈានទៅថ្នាក់ឧត្តមសិក្សា

ទន្ទឹមគ្នា លោករដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាបន្តផ្សព្វផ្សាយស្តង់ដាសាលារៀនគំរូឱ្យបានទូលំទូលាយទៅដល់សាលារៀន និងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តរួមគ្នា ឆ្ពោះទៅសម្រេចឱ្យបានតាមតម្រូវការរបស់ក្រសួង និងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។

សូមបញ្ជាក់ថា កម្មវិធីការផ្សព្វផ្សាយស្ដង់ដាសាលារៀនគំរូ និងការលើកកម្ពស់ស្ដង់ដាសាលារៀនគំរូដោយវិធីបង្រៀនតាមបែបថ្នាក់រៀនត្រឡប់ និងវិធីសាស្ត្របង្រៀនតាមទ្រឹស្ដីអប់រំស្ថាបនានិយមនឹងអនុវត្តតាមរយៈយុទ្ធនាការគាំទ្រការអប់រំឌីជីថលសម្រាប់សិស្សានុសិស្ស នៅគ្រឹះស្ថានមធ្យមសិក្សានៅរាជធានីភ្នំពេញ ដំណាក់កាលទី២ ជាការបន្តសកម្មភាពពីយុទ្ធនាការដំណាក់កាលទី១ ដោយផ្តោតលើវិសាលភាពសិស្សានុសិស្សពីកម្រិតមធ្យមសិក្សាបឋមភូមិដល់ទុតិយភូមិ គ្រូក្រុមបច្ចេកទេស និងមុខវិជ្ជា និងការរៀបចំ ក្លឹបសិក្សានៅតាមសាលារៀន។

គោលបំណងចម្បងនៃយុទ្ធនាការនេះ គឺការជំរុញបរិវត្តកម្មឌីជីថល នៅក្នុង អេកូស៊ីស្តែមនៃការអប់រំ ដើម្បីធានាឱ្យសិស្សានុសិស្សទទួលបានប្រកបដោយសមធម៌ គុណភាព បរិយាប័ន្ន គ្រប់ពេលវេលា និងគ្រប់ទីកន្លែង នូវវេទិកាឌីជីថល តំណភ្ជាប់ សម្ភារៈបច្ចេកវិទ្យា និងធនធានសិក្សា ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការលើកកម្ពស់លទ្ធផលនៃការសិក្សា៕

អត្ថបទដោយ៖ យឺន សីហា