សុខភាព Aug 21, 2024

កុមារីអាយុ១៥ឆ្នាំម្នាក់នៅខេត្តព្រៃវែងស្លាប់ដោយសារជំងឺផ្ដាសាយបក្សីH5N1

image

ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានប្រកាសថា មានកុមារីអាយុ ១៥ឆ្នាំម្នាក់ រស់នៅភូមិពោធិ៍ម្រិញ ឃុំកញ្ចៀច ស្រុកកញ្ចៀច ខេត្តព្រៃវែង បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សីប្រភេទហាស់៥អ៊ិន១ (H5N1)។ កុមារីនេះទទួលបានលទ្ធផលវិជ្ជមានវីរុសផ្ដាសាយបក្សីហាស់៥អ៊ិន (H5N1) ពីវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ហើយបើទោះបីជាទទួលបានការជួយសង្រ្គោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ កុំពុំមានធ្វើឱ្យអ្នកជំងឺនេះប្រសើរឡើងដែរ ដោយសារតែស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ រួមមាន គ្រុនក្ដៅ ក្អក ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម និងសន្លប់។

ក្រសួងអះអាងថា តាមការសាកសួរបង្ហាញថា ប្រហែល៥ថ្ងៃមុនចាប់ផ្ដើមឈឺ នៅក្នុងភូមិមានសត្វមាន់ទាងាប់ជាច្រើន និងផ្ទះបងប្អូនរបស់អ្នកជំងឺមានមាន់ងាប់ ក៏បានចែកមកឱ្យគ្រួសារអ្នកជំងឺយកមកធ្វើម្ហូប ហើយកុមារីបានប៉ះពាល់ និងកាន់មាន់ងាប់នេះដើម្បីធ្វើម្ហូប។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្ដាសាយបក្សី និងឆ្លើយតបទៅតាមវិធីសាស្រ្ត និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ជាមួយគ្នា ក្រសួងសុខាភិបាលបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នា ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្ដាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្ដាសាយបក្សីហាស់៥អ៊ិន១ (H5N1) នៅតែបន្តគម្រាមកំហែងដល់សុខភាពប្រជាពលរដ្ឋ ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋ បើសិនជាមានអាការៈក្ដៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សម្នាច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតបំផុតឱ្យបានឆាប់ទាន់ពេលវេលា៕

អត្ថបទដោយ៖ យឺន សីហា