ក្រសួងសុខាភិបាល បញ្ជាក់ថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វិទ្យាស្ថានជាតិសុខភាពសាធារណៈបានរកឃើញអ្នកឆ្លងជំងឺផ្ដាសាយបក្សីប្រភេទហាស់៥ អ៊ិន១ (H5N1) ម្នាក់ទៀត ដែលកើតលើក្មេងស្រីអាយុ ១៧ឆ្នាំ។ ក្មេងស្រីរូបនេះរស់នៅភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ក្មេងស្រីអាយុ១៧ឆ្នាំនេះ មានអាការៈ គ្រុនក្ដៅ ក្អក ហត់ និងពិបាកដកដង្ហើម។
ក្រសួងសុខាភិបាល គូសបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពអ្នកជំងឺខាងលើ បានធូរស្រាល និងកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រួសារ ហើយបើតាមការសាកសួរបង្ហាញថា ប្រហែល៥ថ្ងៃមុន ចាប់ផ្ដើមឈឺ នៅផ្ទះក្មេងស្រីជាអ្នកជំងឺ មានមាន់ងាប់ចំនួន៧ក្បាល។
បច្ចុប្បន្ន ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីអង្កេតស្រាវជ្រាវលើការកើតឡើងនូវជំងឺផ្ដាសាយបក្សី និងឆ្លើយតបទៅតាមវិធីសាស្រ្ត និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាម៊ីហ្លូ(Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាល បានក្រើនរម្លឹកសារជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្ដាសាយបក្សីជានិច្ច ព្រោះជំងឺនេះនៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ។ ក្រសួងណែនាំថា ប្រសិនបើមានអាការៈក្ដៅខ្លួន ក្អកហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញា កុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតបំផុតឱ្យបានទាន់ពេលវេលា៕
អត្ថបទដោយ៖ យឺន សីហា