សុខភាព Feb 04, 2024

ក្រសួងសុខាភិបាលបង្ហាញក្ដីបារម្ភពីការផ្សព្វផ្សាយផលិតផលបារីអេឡិចត្រូនិចផុសផុលតាមបណ្ដាញសង្គម

image

ក្រសួងសុខាភិបាលកម្ពុជា បានដាក់ក្ដីបារម្ភពាក់ព័ន្ធការផ្សព្វផ្សាយយ៉ាងផុសផុលនូវការលក់បារីអេឡិចត្រូនិច(E-Cigarette) ផលិតផលស៊ីហ្សា(SHISHA) និងផលិតផល អេចឈ៍ ធី ភី(HTP-Heated Tobacco Product) តាមរយៈបណ្ដាញសង្គម ដូចជា៖ ហ្វេសប៊ុក(Facebook) អ៊ីនស្តាក្រាម(Instagram)  ធីកថក់(Tiktok) ជាដើម។ ជាពិសេស ការផ្សព្វផ្សាយដែលមានខ្លឹមសារបំផ្លើសថា ផលិតផលទាំងនេះជាឧបករណ៍សម្រាប់ផ្ដាច់ការជក់បារី និងជាផលិតផលមានសុវត្ថិភាពជាងបារីធម្មតា ផ្ទុយទៅវិញ ក្រសួងអះអាងថា បារីអេឡិចត្រូនិច ស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភី ពិតជាមានផលប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ការបង្ហាញក្ដីបារម្ភរបស់ក្រសួងសុខាភិបាលបែបនេះ បន្ទាប់ពីក្រសួងបានសង្កេតឃើញថា កន្លងមក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានហាមឃាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិច(E-Cigarette) ផលិតផលស៊ីហ្សា(SHISHA) និងផលិតផល អេចឈ៍ ធី ភី(HTP-Heated Tobacco Product)។ ការហាមឃាត់នេះ ដោយសារតែបច្ចុប្បន្នផលិតផលទាំងនេះ ត្រូវបានអះអាងថា មានផលប៉ះពាល់ដល់សុខភាព និងបណ្ដាលឱ្យអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត។

ក្រសួងសុខាភិបាលគូសបញ្ជាក់ថា ចំពោះបារីអេឡិចត្រូនិចបង្កផលប៉ះពាល់លើសុខភាព ដោយសារសារធាតុនីកូទីនអាចបណ្ដាលឱ្យមានភាពញៀនខ្លាំង មានគ្រោះថ្នាក់ដលើគភ៌ ពុលដល់ទារកក្នុងផ្ទៃពោះ មានហានិភ័យដល់ការលូតលាស់ខួរក្បាល ហើយសារធាតុល្អិតៗ ដែលជា្របចូលដល់ក្នុងសួតអាចបណ្ដាលឱ្យមានជំងឺមហារីក។ ការប្រើប្រាស់បារីអេឡិចត្រូនិចអាចបណ្ដាលឱ្យកុមារ និងក្មេងជំទង់ញៀន ហើយក៏មានផលប៉ះពាល់ដល់ការលូតលាស់ខួរក្បាល និងមុខងារនៃការត្រួតពិនិត្យរបស់ខួរក្បាលដែលនាំឱ្យមានការថយចុះនៃការផ្ចង់អារម្មណ៍ ការរៀនសូត្រ និងករគ្រប់គ្រងកំហឹង ព្រមទាំងងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត។ នីកូទីនក៏ដូចជាសារធាតុញៀនដទៃទៀតដែរ វាអាចបណ្ដាលឱ្យមានការប្រែប្រួលផ្លូវចិត្ត(Mood) ការប្រើប្រាស់នីកូទីន អាចបណ្ដាលឱ្យមានភាពរើមេ(Withdrawal) ដែលអាចសម្ដែងចេញជាភាពមួរម៉ៅ រសាប់រសល់ ថប់អារម្មណ៍ ឬអស់សង្ឃឹម វិបត្តិនៃការគេង ពិបាកផ្ចង់អារម្មណ៍ និងសន្ទុះចិត្តចង់ប្រើនីកូទីន។

ចំណែកផលិតផលស៊ីហ្សាវិញ ឬអាចហៅម្យ៉ាងទៀតថា ខ្សៀរទឹក និងមានរូបរាងច្រើនបែប បើតាមការសិក្សាជាច្រើនបានរកឃើញថា ការជក់ស៊ីហ្សាមានបរិមាណជាតិពុលខ្លាំង ដែលអាចបណ្ដាលឱ្យមានជំងឺដូចការជក់បារី មានជាអាទិ៍៖ ជំងឺផ្លូវដង្ហើម ជំងឺបេះដូង ជំងឺធ្មេញ ទារកកើតមិនគ្រប់ខែ រលាកច្រមុះ មិនមានលទ្ធភាពបន្តពូជ សុខភាពផ្លូវចិត្តថយចុះ ជំងឺមហារីកសួត ជំងឺមហារីកក្រពះ ជំងឺមហារីកប្លោកនោមជាដើម។ល។

រីឯផលិតផលអេចឈ៍ ធី ភី ជាផលិតផលថ្នាំជក់ថ្មី មានរូបរាងច្រើនបែប ដែលផលិតឡើងដើម្បីជំនួសផលិតផលថ្នាំជក់ធម្មតា ដោយបន្ថែមនូវសារធាតុក្រអូប ដែលទាក់ទាញយុវវ័យឱ្យប្រើប្រាស់វា។ ផលិតផលនេះមានផ្ទុកសារធាតុនីកូទីន ដែលបង្កផលប៉ះពាល់ដល់សុខភាពដូចបារីអេឡិចត្រូនិចផងដែរ។

ក្រសួងសុខាភិបាល បានប្រកាសអំពាវនាវដល់យុវជន យុវនារី និងប្រជាជនទាំងអស់ កុំសាកល្បងប្រើប្រាស់ផលិតផលបារីអេឡិចត្រូនិច ស៊ីហ្សា និងផលិតអេចឈ៍ ធី ភី សូម្បីតែមួយដងក៏ដោយ និងជាពិសេសកុំជឿតាមការឃោសនាថា ផលិតផលទាំងនេះជាមធ្យោបាយដើម្បីផ្ដាច់ការជក់បារីឱ្យសោះ៕

 

អត្ថបទដោយ៖ យឺន សីហា