សុខភាព Jan 25, 2024

ក្រសួងសុខាភិបាលប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះQdenga

image

ក្រសួងសុខាភិបាលបានប្រកាសហាមឃាត់ប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នចំពោះការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ដែលពុំទាន់បានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក(WHO) ឈ្មោះថា Qdenga។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

ការប្រកាសអំពាវនាវរបស់ក្រសួងសុខាភិបាលបែបនេះ ដោយសារតែក្រសួងសុខាភិបាល បានសង្កេតឃើញថា មានបណ្ដាញទំនាក់ទំនងសង្គម និងបុគ្គលមួយចំនួន កំពុងធ្វើការផ្សព្វផ្សាយឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga។ ចំពោះវ៉ាក់សាំងបង្ការជំងឺគ្រុនឈាមប្រភេទនេះ ក្រសួងអះអាងថា កំពុងស្ថិតក្នុងដំណាក់កាលទី៣ នៃដំណាក់កាលសិក្សាសរុបទាំង៤នៅឡើយទេ។ ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក(WHO) និងនាយកដ្ឋានចំណីអាហារ និងឱសថសហរដ្ឋអាមេរិកFDA)ក៏មិនទាន់ទទួលស្គាល់វ៉ាក់សាំងQdenga ចំពោះអ្នកមិនធ្លាប់កើតជំងឺគ្រុនឈាមកន្លងមក វ៉ាក់សាំងនេះដើរតួនាទីជាការចម្លងជំងឺគ្រុនឈាមលើកទី១ ហើយនៅពេលបុគ្គលនេះកើតជំងឺគ្រុនឈាមម្ដងទៀត វាក្លាយទៅជាការកើតជំងឺគ្រុនឈាមលើកទី២ ដែលអាចនឹងវិវត្តទៅរកជំងឺគ្រុនឈាមធ្ងន់ធ្ងរ។

ក្រសួងសុខាភិបាលបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga មិនទាន់ត្រូវបានចុះបញ្ជិកានៅក្នុងប្រទេសកម្ពុជានៅឡើយ។ ក្រសួងសុខាភិបាលបានអំពាវនាវដល់សាធារណជន ស្វែងយល់ និងបន្តការយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពដោយមធ្យោបាយសមស្របដេលមានការអនុញ្ញាតដោយក្រសួងសុខាភិបាល។

លើសពីនេះ ក្រសួងសុខាភិបាល ក៏បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែង ដែលមានទឹកដក់ដូចជា៖ សំបកកង់ឡាន ម៉ូតូ ពាង សំបកដប កំប៉ុង ត្រឡោកដូង និងវត្ថុដក់ទឹកផ្សេងទៀត។ ក្នុងករណីបើមានរោគសញ្ញាក្ដៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុតជាបន្ទាន់៕

អត្ថបទដោយ៖ យឺន សីហា