ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមការសហការជាមួយ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន និងអង្គការ UNFPA បានរៀបចំពិធិបើកសិក្ខាសាលា ភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលស្ដីពី «ការអភិវឌ្ឍយុវជនកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន។
បើតាមករសួងអប់រំ សិក្ខាសាលាលើកទី៣នេះ គឺជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីលើកកម្ពស់ និងជំរុញការងារអភិវឌ្ឍយុវជន និងមានគោលបំណងចំនួន៣ រួមមាន បន្តកិច្ចសហការល្អប្រសើរជាមួយដៃគូអភិវឌ្ឍយុវជនទាំងអស់ ដើម្បីឧត្តមប្រយោជន៍ដល់យុវជនកម្ពុជា, ផ្ដល់ឱកាសឱ្យដៃគូអភិវឌ្ឍយុវជនបានចែករំលែកឧត្តមានុវត្ត ដើម្បីពង្រឹងការចូលរួមក្នុងការកសាងចំណេះដឹង ជំនាញ និងសក្តានុពលដល់យុវជនកម្ពុជាក្នុងបរិបទថ្មីនៃយុគសម័យឌីជីថល និងពិភាក្សាជាមួយដៃគូអភិវឌ្ឍយុវជនទាំងអស់ ដើម្បីចូលរួមដោះស្រាយបញ្ហារបស់យុវជនទាំងអស់គ្នា ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព សមធម៌ និងបរិយាបន្ន៕