អប់រំ Feb 07, 2024

ក្រសួងអប់រំ យុវជន និងកីឡាដាក់ឱ្យប្រើប្រាស់ថ្នាលអប់រំសាលាឌីជីថលជាផ្លូវការ

image

ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យដំណើរការថ្នាលអប់រំ សាលាឌីជីថល (#SalaDigital) ដែលមានអាសយដ្ឋាន https://sala.moeys.gov.kh សម្រាប់គាំទ្រដល់ការបង្រៀន-រៀន ស្របទៅតាមបរិបទថ្មី នៃការអប់រំបែបឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២៣-២០៣៥ ប្រកបដោយបរិយាប័ន្ន គុណភាព និងស័ក្តិសិទ្ធិភាព។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡាចេញនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ថ្នាលអប់រំ សាលាឌីជីថល ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ជំរុញការចែករំលែក និងប្រើប្រាស់មាតិកាអប់រំឌីជីថល ឱ្យកាន់តែសម្បូរបែបសម្រាប់បម្រើដល់ការបង្រៀន-រៀន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ដែលផ្ដល់ភាពងាយស្រួលដល់គ្រឹះស្ថានសិក្សា គ្រូបង្រៀន និងសាធារណជនទូទៅក្នុងការបង្កើតសាលារៀននិម្មិត គ្រប់ពេលវេលា និងទីកន្លែង។

ក្រសួងអប់រំ យុវជន និងកីឡា អះអាងថា ថ្នាលអប់រំ សាលាឌីជីថល ក៏បានផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការស្វែងរកឯកសារឌីជីថល តាមកម្រិតថ្នាក់ចាប់ពីមត្តេយ្យសិក្សារហូតដល់កម្រិតឧត្ដមសិក្សា ដោយអាចស្វែងរកតាមរយៈពាក្យគន្លឹះ ប្រភេទក្រុមមុខវិជ្ជា ប្រភេទវគ្គសិក្សា និងកម្រិតថ្នាក់ជាដើម។

ជាមួយគ្នា ក្រសួងបានណែនាំដល់សាកលវិទ្យាធិការ នាយក គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ឱ្យចូលទៅបង្កើតសាលារៀននិម្មិត វគ្គសិក្សា និងបង្ហោះស្នាដៃសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត និងសាស្រ្តាចារ្យ នៅក្នុងថ្នាលអប់រំ សាលាឌីជីថល ដើម្បីឱ្យធនធានឌីជីថលជាភាសាជាតិមានសម្បូរបែបលើបណ្ដាញអ៊ិនធឺណិត សម្រាប់ជាប្រយោជន៍ដល់ការសិក្សា ការស្រាវជ្រាវ និងស្វ័យសិក្សារបស់សិស្ស និស្សិត និងអ្នកស្រឡាញ់ការសិក្សាពេញមួយជីវិត៕

 

អត្ថបទដោយ៖ យឺន សីហា