សុខភាព Jun 10, 2024

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ចុះMoUជាមួយមន្ទីរពេទ្យសង់ត្រាល់សហការគ្នាលើការផ្ដល់សេវាផ្នែកសុខភាព

image

មន្ទីរពេទ្យ សង់ត្រាល់ (Central Hospital) និងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (Mengly J. Quach Education PLC.) នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីសហការគ្នាលើការផ្តល់សេវាសុខភាពដែលមានគុណភាពខ្ពស់សម្រាប់សិស្សានុសិស្ស បុគ្គលិក និងក្រុមគ្រួសាររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក។ ពិធី​ចុះហត្ថលេខានេះ ​បាន​ធ្វើ​ឡើងនៅ​​មន្ទីរពេទ្យសង់ត្រាល់ ​រាជធានី​ភ្នំពេញ ក្រោមអធិបតីភាព លោកស្រី ស៊ីម សុវណ្ណារ៉ា នាយិកាមន្ទីរពេទ្យ សង់ត្រាល់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្ថាប័នទាំងពីរ ភ្ញៀវកិត្តិយស និងអ្នកព័ត៌មានជាច្រើនរូប។

អនុស្សរណៈយោគយល់គ្នានេះ រំលេចអំពីសេវាកម្មថែទាំសុខភាពមួយដែលត្រូវផ្តល់ជូនសិស្សានុសិស្ស បុគ្គលិក និងក្រុមគ្រួសាររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក រួមមានដូចជា៖ ការពិនិត្យសុខភាពមុនចូលបម្រើការងារ ការពិនិត្យសុខភាពទូទៅ ការពិនិត្យសុខភាពប្រចាំឆ្នាំ ការចាក់វ៉ាក់សាំងជំងឺផ្សេងៗ ការព្យាបាលជំងឺ និងកម្មវិធីយល់ដឹងអំពីការថែទាំសុខភាពជាដើម។

លោកស្រី ស៊ីម សុវណ្ណារ៉ា នាយិកាមន្ទីរពេទ្យ សង់ត្រាល់ បានបង្ហាញសេចក្ដីសោមនស្សរីករាយ ចំពោះកិច្ចសហការនេះ និងចាត់ទុកភាពជាដៃគូជាមួយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការផ្តល់សេវាថែទាំសុខភាពដែលមានគុណភាពខ្ពស់។ យើងប្តេជ្ញាធានាថា សិស្សានុសិស្ស បុគ្គលិក និងក្រុមគ្រួសាររបស់ក្រុមហ៊ុននេះ ទទួលបានការថែទាំសុខភាពដ៏ល្អបំផុត និងសំដៅរួមគ្នាលើកកម្ពស់សុខុមាលភាពក្នុងសហគមន៍ និងលើកកម្ពស់ការយល់ដឹងកាន់តែស៊ីជម្រៅអំពីសុខភាពនិងសុវត្ថិភាព។»

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានសម្តែងការអបអរសាទរចំពោះភាពជាដៃគូថ្មីនេះ ដោយអ្នកឧកញ៉ា មានប្រសាសន៍ថា៖ «“យើងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូថ្មីរបស់យើង ជាមួយមន្ទីរពេទ្យ សង់ត្រាល់ ដែលនឹងផ្តល់ជូននូវសេវាថែទាំសុខភាពដ៏មានគុណភាពខ្ពស់ ចាំបាច់សម្រាប់សុខុមាលភាពសិស្សានុសិស្ស បុគ្គលិក និងក្រុមគ្រួសាររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ទាំងអស់។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានគូសបញ្ជាក់ថា ការសហការគ្នានេះ៖ «យើងមានគោលបំណងលើកកម្ពស់ការអប់រំផ្នែកសុខភាព ស្របពេលដែលកម្ពុជាកំពុងជំរុញការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ តាមរយៈការរៀបចំកញ្ចប់សេវាកម្មសុខភាពនៅមន្ទីរពេទ្យ ដែលអាចស្រាវជ្រាវ និងស្វែងរកសេវាថែទាំជំងឺដោយផ្ទាល់។»

សូមបញ្ជាក់ថា ទន្ទឹមនឹងកំណើននៃចំនួនសាខារបស់សាលារៀន បុគ្គលិក សិស្សានុសិស្ស ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក នឹងបន្តបំពេញបេសកកម្មរបស់ខ្លួន ព្រមទាំងសហការគ្នាជាមួយ មន្ទីរពេទ្យ សង់ត្រាល់ តាមរយៈការបណ្តុះបណ្តាល និងការរៀបចំសិក្ខាសាលានានា ដើម្បីពង្រីកការយល់ដឹងអំពីសារៈសំខាន់នៃសុខភាព និងសុវត្ថិភាពនៅក្នុងសហគមន៍៕