អប់រំ Mar 02, 2024

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លើកកម្ពស់សម្លៀកបំពាក់ប្រពៃណីខ្មែរ

image

ក្នុងនាមជាក្រុមហ៊ុនអប់រំឈានមុខគេនៅកម្ពុជា គណៈគ្រប់គ្រងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានសម្រេចជាផ្លូវការ ដោយតម្រូវនិងលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ ស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរនិងសម្លៀកបំពាក់ប្រពៃណីរបស់ជាតិសាសន៍ផ្សេងៗរៀងៗខ្លួនសម្រាប់បុគ្គលិកបរទេស ចំនួន២ថ្ងៃក្នុងមួយសប្តាហ៍ គឺនៅរៀងរាល់ថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ៍។ ការស្លៀកសម្លៀកបំពាក់ប្រពៃណីនេះ នឹងចាប់អនុវត្តពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះតទៅ។

ការកំណត់ដូច្នេះ ធ្វើឡើងដើម្បីឱ្យបុគ្គលិកសិក្សា បុគ្គលិកក្រុមហ៊ុនគ្រប់លំដាប់ថ្នាក់ មានសណ្តាប់ធ្នាប់ វិន័យក្នុងការស្លៀកពាក់មិនឱ្យឆ្គាំឆ្គងគ្នា ក៏ដូចជាចូលរួមចំណែកក្នុងការអភិរក្សនិងលើកកម្ពស់ដល់សម្លៀកបំពាក់ប្រពៃណីដ៏ល្អរបស់ខ្មែរ ពោល ស្លៀកពាក់ឱ្យបានស្អាតនិងសមរម្យក្នុងពេលបំពេញការងារ។ 

មិនតែប៉ុណ្ណោះ នេះក៏ជាមោទនភាពមួយក្នុងនាមជាក្រុមហ៊ុនឯកជនដែលបានគិតគូរ លើកស្ទួយដល់ផលិតផលក្នុងស្រុក តាមរយៈការស្លៀកសម្លៀកបំពាក់ប្រពៃណីដែលប្រើប្រាស់ភាគច្រើនតែនៅក្នុងពិធីការសំខាន់ៗរបស់ប្រជាជនខ្មែរតែប៉ុណ្ណោះ។ ពីក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏រំពឹងខ្ពស់ និងសង្ឃឹមថា បុគ្គលិកទាំងអស់នឹងគោរពតាមយ៉ាងខ្ជាប់ខ្ជួន។ លើសពីនេះ តាមរយៈការតម្រូវនិងលើកទឹកចិត្តឱ្យបុគ្គលិកក្រុមហ៊ុនដែលមានជិត៣០០០នាក់ នឹងធ្វើឱ្យផលិតផលតម្បាញរបស់ប្រជាជនខ្មែរមានការគាំទ្រខ្លាំង ហើយអ្នកដែលមានជំនាញកាត់ដេរ អ្នកលក់ដូរ នឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីការកំណត់មួយនេះដូចគ្នា។

សូមបញ្ជាក់ថា ចំពោះការស្លៀកពាក់ប្រពៃណីខ្មែរ គឺត្រូវអនុវត្តសម្រាប់បុគ្គលិកទាំងអស់ លើកលែងតែបុគ្គលិកបរទេសដែលត្រូវស្លៀកពាក់ជាប្រពៃណីរបស់សាសន៍ខ្លួន និងបុគ្គលិកមួយចំនួនដែលត្រូវចុះទៅតាមការដ្ឋាន រោងជាង ឬចុះបេសកកម្មនៅខាងក្រៅ ដែលត្រូវបានអនុញ្ញាតឱ្យស្លៀកពាក់ធម្មតានិងភាពងាយស្រួល ប៉ុន្តែសមរម្យ និងថ្លៃថ្នូរ៕

អត្ថបទដោយ៖ ហ៊ីង ស្រីរ័ត្ន