វប្បធម៌ Apr 18, 2022

ខេត្ត​បាត់ដំបង​ស្ថិត​នៅ​កំពូល​តារាង មាន​ភ្ញៀវ​ទេសចរ​ដើរ​លេង​កម្សាន្ត​ច្រើន​ជាង​គេ​ពេល​ចូល​ឆ្នាំ​ខ្មែរ

image

បើ​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ ភ្ញៀវទេសចរ​ដែល​ចូល​មក​ដើរ​លេង​កម្សាន្ត​នៅ​ខេត្ត​បាត់ដំបង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ពី​ថ្ងៃ​ទី ១៤- ១៦ មេសា និង​ថ្ងៃ​អាទិត្យ​ទី ១៧ មេសា មាន​ចំនួន​សរុប ៦៥៣ ៨៩៦ នាក់ ហើយ​បន្តបន្ទាប់មាន ខេត្ត​កំពង់ចាម​ ​៥​៤​១​ ៩​០​០​ ​នាក់​ ខេត្ត​បន្ទាយ​មានជ័យ​ ​៤​៧​១​ ១​១​៩​ ​នាក់​ ​ខេត្ត​សៀមរាប​ ​៤​៥​៥​ ៩​៨​៤​ ​នាក់​ ​ខេត្ត​ព្រៃវែង​ ​៣​៩​៦​ ៣​២​៨​ ​នាក់​ ​ខេត្ត​កំពង់ស្ពឺ​ ​៣​៤​៥​ ០​១​៨​ ​នាក់​ ខេត្ត​ពោធិ៍សាត់​ ​៣​៣​៨​ ៩​១​៦​ ​នាក់​ ​ខេត្ត​កំពង់ឆ្នាំង​ ​៣​០​០​ ៥​៦​១​ ​នាក់​ ខេត្ត​កំពត​ ​២​៨​៤​ ៨​៩​៣​ ​នាក់​ ​ខេត្ត​ព្រះ​សី​ហ​នុ ​២​៦​៤​ ៣​០​៨​ ​នាក់​ និង​​រាជធានី​ភ្នំពេញ​មាន​ចំនួន ​២​៤​០​ ៤​៦​០​ ​នាក់។  លោក​ថា ចំនួន​ភ្ញៀវទេសចរ​ទាំងអស់ ជា​ការ​រាប់​ចំនួន​ដង​នៃ​ភ្ញៀវ​ម្នាក់​ដែល​បាន​ដើរ​លេង​តាម​ទីកន្លែង​កម្សាន្ត​ផ្សេងៗគ្នា។ ​

រូបភាព

លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធាន​មន្ទីរទេសចរណ៍​ខេត្ត​បាត់ដំបង បាន​ប្រាប់​ក្រុមការងារ MJQTV តាម​ទូរសព្ទ​ថា ​ឆ្នាំ​នេះ​ខេត្ត​បាត់ដំបង​ទាំង​មូល​ដោយ​មាន​លោក សុខ លូ ជា​អភិបាល បាន​ត្រៀម​ខ្លួន​និង​រៀបចំ​សណ្តាប់ធ្នាប់ កន្លែង​កម្សាន្ត និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​គ្រប់​ទីកន្លែង​បាន​យ៉ាង​ល្អ ដើម្បី​ទទួល​ភ្ញៀវទេសចរ​ពី​គ្រប់​ទិសទី​ទូទាំងប្រទេស​មក​ដើរ​លេង​កម្សាន្ត។ 

មន្រ្តី​ដដែល​បាន​អះអាង​ថា ស្រុក​ចំនួន ៤ នៃ​ខេត្ត​បាត់ដំបង​មាន ស្រុក​បាណន់ សំឡូត រតនមណ្ឌល និង​ស្រុក​ឯកភ្នំ បាន​ទាក់ទាញ​ភ្ញៀវ​មក​លេង​យ៉ាង​ណែនណាន់តាន់តាប់​នា​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ ព្រោះ​តំបន់​ទាំង​នេះ​មាន​សក្តានុពល​ខាង​វិស័យ​ទេសចណ៍​ដោយ​សម្បូរ​ទៅ​ដោយ ផ្ទះ​បុរាណ ទឹក​ធ្លាក់ ណូវី សួន​ផ្កា​ស្រស់ស្អាត និង​ចម្ការ​ដំណាំ​ចម្រុះ​ជា​ច្រើន​កន្លែង​ថែម​ទៀតផង។ 

ពាក់ព័ន្ធ​នឹង​រឿង​លំហូរ​ភ្ញៀវទេសចរ លោក អ៊ុំភីនីស្សារ៉ា បាន​ពន្យល់​ថា តាមពិត​ទៅ​ភ្ញៀវ​មក​លេង​ខេត្ត​បាត់ដំបង​ក៏​បាន​ហូរ​ពី​ខេត្តសៀមរាប​មក​ដែរ​ ហើយ​ភ្ញៀវ​ទេសចរ​ភាគច្រើន​ចូល​ចិត្ត​មក​ដើរ​លេង​តាម​តំបន់​រមណីយដ្ឋាន​នានា​តាម​ទី​ជន់បទ​ក្នុង​ខេត្ត​បាត់ដំបង​នៅ​ពេល​ថ្ងៃ ហើយ​មក​ប្រមូល​ផ្តុំ​គ្នា​យ៉ាង​ច្រើន​នៅ​ក្នុង​ក្រុង​ពេលរាត្រី​ ដើម្បី​លេង​បាញ់ទឹក​និង​មើល​តន្រ្តី​ជាដើម។

ប្រធាន​មន្ទីរទេសចរណ៍​ខេត្ត​បាត់ដំបង បាន​បញ្ជាក់​ជា​ចុងក្រោយ​ថា សមិទ្ធផល​ដែល​ខេត្ត​បាត់ដំបង​ទទួល​បាន​មក​នេះ ដោយ​សារ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បើក​ប្រទេស​ទាំងមូល ពិសេស​បើក​ដំណើរ​ការ​វិស័យទេសចរណ៍​ឡើង​វិញ​នៅ​ឆ្នាំ ២០២២ ហើយ​តាម​បណ្តា​ខេត្ត​ទូទាំងប្រទេស​ក៏​រួមគ្នា​រៀបចំ​បាន​យ៉ាង​ល្អ​ក្នុង​បរិបទ​កូវីដ ទើប​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ដើរលេង​កម្សាន្ត​យ៉ាង​ច្រើន​ដូច្នេះ ដែល​ជា​សញ្ញាវិជ្ជមាន​ក្នុង​ការ​ងើប​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍៕ 

រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង