សុខភាព Feb 23, 2024

គិតត្រឹមឆ្នាំ២០២៣កន្លងទៅ កម្ពុជានៅសល់ករណីជំងឺគ្រុនចាញ់សន្ធំ៣៤ករណី

image

 

ក្រសួងសុខាភិបាល បញ្ជាក់ថា ករណីជំងឺគ្រុនចាញ់សន្ធំ(ធ្ងន់)នៅសេសសល់ចំនួន ៣៤ករណី ក្នុងឆ្នាំ២០២៣កន្លងទៅ ខណៈករណីជំងឺគ្រុនចាញ់ផ្សេងៗទៀតនៅសល់ ១,៣៥០ករណី។ នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត។

តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ចំពោះការលុបបំបាត់ជំងឺគ្រុនចាញ់លាប់វិញ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត តាមរយៈផ្តល់ថ្នាំសមូហភាពដោយប្រើថ្នាំក្លរ៉ូគីន (៤ខែ) និងព្យាបាលផ្តាច់ ៨សប្តាហ៍ដោយថ្នាំព្រីម៉ាគីនដោយធ្វើតេស្ត G6PD។

ក្រៅពីជំងឺគ្រុនចាញ់ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តកម្ម បានអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម ដោយកាត់បន្ថយអត្រាឈឺ ជំរុញលុបបំបាត់ប្រភពបង្កបង្កើតកូនចៅសត្វមូសខ្លា ពិសេសសំបកកង់ឡាន និងដាក់ថ្នាំបាណកឃាដ (អាបែត ឬ Bti) និងបញ្ជូនអ្នកជំងឺមកសេវាសាធារណៈឱ្យបានទាន់ពេល។ ជាពិសេស សម្រាប់កម្មវិធីដង្កូវព្រូន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានបន្ថែមគោលដៅគ្របដណ្តប់ថ្នាំទម្លាក់ព្រូន ដល់ក្រុមគោលដៅ ជាកុមារ និងស្ត្រី និងពន្លឿនការអនុវត្តសកម្មភាពលុបបំបាត់ជំងឺព្រូនស៊ីស្តូនៅឆ្នាំ២០២៥៕

អត្ថបទដោយ៖ យឺន សីហា