សុខភាព Feb 13, 2024

ចំនួនអ្នកឆ្លងជំងឺMpoxនៅកម្ពុជាកើនដល់១០នាក់ហើយ

image

គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រសួងសុខាភិបាលបានអះអាងថា នៅកម្ពុជាមានអ្នកឆ្លងជំងឺអឹមផក(Mpox) សរុបកើនដល់១០នាក់ហើយ ខណៈកាលពីថ្ងៃទី១២ ខែកុម្ភៈ ទើបមានបុរសម្នាក់ទៀត រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានរកឃើញថា ឆ្លងជំងឺអឹមផក និងបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវរួចផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នា​ ក្រសួងសុខាភិបាល បានកត់សម្គាល់ថា និន្នាការនៃការចម្លងជំងឺអឹមផក នៅកម្ពុជាកំពុងកើនឡើង ស្របគ្នានិងនិន្នាការសកលលោក។ បើយោងតាមការផ្សព្វផ្សាយរបស់អង្គការសុខភាពពិភពលោក(WHO) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ជំងឺអឹមផកបាននិងកំពុងផ្ទុះរាលដាលក្នុងប្រទេសចំនួន ១១៧ ដែលក្នុងនោះមាន ករណីឆ្លងជំងឺអឹមផកសរុបចំនួន ៩៣,០៣០នាក់ និងករណីស្លាប់ចំនួន ១៧៦នាក់ នៅលើពិភពលោក។

ក្រសួងសុខាភិបាល បានប្រកាសអំពាវនាវ និងក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការរីករាលដាលជំងឺអឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ ដោយចូលរួមស្វែងយល់របៀបចម្លង និងត្រូវអនុវត្តវិធានការបង្ការយ៉ាងម៉ឺងម៉ាត់នានា៕

អត្ថបទដោយ៖ យឺន សីហា