ព្រះរាជបណ្ណាល័យហ្លួងម៉ែ ជាបណ្ណាល័យមួយក្នុងចំណោមបណ្ណាល័យជាច្រើននៅក្នុងប្រទេសកម្ពុជាដែលត្រូវបានសាធារណៈជនទទួលដឹងថា ជាប្រភពឯកសារដ៏សម្បូរបែបដោយបានប្រមូលផ្តុំសៀវភៅ និងឯកសារប្រវត្តិសាស្ត្រសំខាន់ៗស្តីពីព្រះរាជកិច្ច តស៊ូដើម្បីជាតិមាតុភូមិរបស់ព្រះមហាក្សត្រខ្មែរ និងឯកសារស្រាវជ្រាវស្តីអំពីរបបកម្ពុជាប្រជាធិបតេយ្យជាដើម។

ដោយមើលអំពីឃើញពីគុណតម្លៃបែបនេះហើយ ទើបនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារបណ្ណសារដ្ឋាន នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ដែលជាផ្នែកមួយស្ថិតក្រោមផ្នែករដ្ឋបាល ព្រមទាំងក្រុមការងារផ្នែកប្រវត្តិសាស្ត្រ ម៉េងលី ជេ. គួច បានធ្វើដំណើរទៅទស្សនកិច្ចសិក្សានៅព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីបច្ចេកទេស និងចំណេះដឹងផ្សេងៗ នៃការរៀបចំទុកដាក់ឯកសារប្រកបដោយសុវត្ថិភាពត្រឹមត្រូវ និងការរៀបចំទុកដាក់ឯកសារតាមបែបឌីជីថល។


ក្រោមស្នាមញញឹមទទួលស្វាគមន៍ប្រកបដោយភាពរួសរាយរាក់ទាក់ និងពេញដោយភាពកក់ក្ដៅបំផុត លោក រស់ សំពៅ អ្នកគ្រប់គ្រងព្រះរាជបណ្ណាល័យហ្លួងម៉ែ បានឱ្យដឹងថា ព្រះរាជបណ្ណាល័យហ្លួងម៉ែ ត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងគោលបំណងថ្វាយព្រះកិត្តិយសជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដែលទ្រង់បានខិតខំប្រឹងប្រែង ក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជនខ្មែរ។ ព្រះរាជបណ្ណាល័យមួយនេះ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ។ លោកបន្ដថា នៅក្នុងព្រះរាជបណ្ណាល័យហ្លួងម៉ែ មានប្រភេទឯកសារចំនួន៥ ដូចជា ឯកសារជាក្រដាស ឯកសារភ័ស្ដុតាងដែលបានសម្ភាសន៍ផ្ទាល់ពីប្រភព ឯកសារខ្សែអាត់សំឡេង ឯកសាររូបថត និងភាពយន្តឯកសារ។

លោកបន្ថែមថា ព្រះរាជបណ្ណាល័យនេះ មានតម្កល់សមុច្ឆ័យប្រមាណ៣០០០ក្បាល និងឯកសារចំនួនជាង២៨០០ប្រអប់ដែលទទួលបានពីលោកឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ. ជែលដ្រេស ក្នុងឆ្នាំ២០១៩ និងឯកសារប្រវត្តិសាស្ត្រស្តីអំពីរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ព្រមទាំងឯកសារប្រវត្ដិសាស្រ្ដផ្សេងៗទៀតយ៉ាងហោចណាស់ជិត២លានទំព័រ (បានផ្ដល់ជូនតុលាការ សាលាក្ដីខ្មែរក្រហម) ដែលក្រុមការងារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើការស្រាវជ្រាវអស់រយៈពេលជិត៣០ឆ្នាំកន្លងមកនេះ។

អ្នកគ្រប់គ្រងព្រះរាជបណ្ណាល័យហ្លួងម៉ែ លោក រស់ សំពៅ បានសង្កត់ធ្ងន់ថា ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺមានតម្កល់នូវរូបថត ភាពយន្ត និងខ្សែអាត់សម្លេងជាច្រើនម៉ឺនសម្លេងរបស់ជនរងគ្រោះក្នុងរបបខ្មែរក្រហមដើម្បីអភិរក្ស ថែរក្សាឯកសារទាំងនេះឱ្យបានគង់វង្ស និងបន្សល់ទុកសម្រាប់ប្រជាជនខ្មែរ។ លោកបន្ថែមទៀតថា ឯកសារទាំងនេះ ត្រូវបានបង្កើតជាឯកសារឌីជីថលក្នុងគុណភាពខ្ពស់មួយ ដើម្បីបង្ករភាពងាយស្រួលក្នុងការសិក្សាស្រាវជ្រាវប្រកបដោយប្រសិទ្ធភាពជាងមុន។ លើសពីនេះទៅទៀត លោកក៏បានប្រាប់ពីបច្ចេកទេសនៃការធ្វើឯកសារតាមបែបឌីជីថល ដែលអាចឱ្យអ្នកសិក្សាស្រាវជ្រាវងាយស្រួលស្វែងរក។
អនុប្រធានបណ្ណសារដ្ឋាន នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក លោក សួស ស៊ុនឌី បានបង្ហាញអារម្មណ៍រំភើបរីករាយ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅក្រែងលែង ដែលព្រះរាជបណ្ណាល័យហ្លួងម៉ែបានអនុញ្ញាតឱ្យក្រុមការងារបណ្ណសារដ្ឋានបានចុះទស្សនកិច្ចសិក្សាស្វែងយល់បន្ថែម អំពីបច្ចេកទេស និងចំណេះដឹងផ្សេងៗ នៃការរៀបចំទុកដាក់ឯកសារប្រកបដោយសុវត្ថិភាពនៅព្រះរាជបណ្ណាល័យហ្លួងម៉ែ។ ក្នុងនោះដែរ លោកក៏បាននាំយកសៀវភៅដែលជាស្នាដៃនិពន្ធរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មួយឈុតជូនទៅដល់គណៈគ្រប់គ្រងព្រះរាជបណ្ណាល័យហ្លួងម៉ែផងដែរ។

សូមជម្រាបជូនថា ព្រះរាជបណ្ណាល័យហ្លួង ត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញ ដែលមានទីតាំងស្ថិតនៅភូមិគ្រឹះលេខ១១ ផ្លូវ២៥៦ ភ្នំពេញ ដែលដាក់ដំណើរការឱ្យសាធារណជនចូលទស្សនាតាំងពីឆ្នាំ២០២០ ជាកន្លែងផ្តល់នូវការអប់រំបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា។ មជ្ឈមណ្ឌលឯកសារកម្ពុជានេះ មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៥ ក្នុងរូបភាពជាកម្មវិធីមួយរបស់សាកលវិទ្យាល័យ យែល សហរដ្ឋអាម៉េរិក ក្នុងគោលបំណងគាំទ្រ និងបង្កើតឱ្យមានការកាត់ទោសអ្នកដឹកនាំក្នុងរបបប្រល័យពូជសាសន៍។
អត្ថបទ៖ អឿ ស៊ីណា ប្រធានផ្នែកប្រវត្ដិសាស្រ្ដ ម៉េងលី ជេ. គួច