តំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជានឹងកើនឡើងសីតុណ្ហភាពអតិបរមាចន្លោះពី៣៣អង្សាសេ ទៅ៣៧អង្សាសេ ចាប់ពីថ្ងៃទី០៨ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។ នេះបើយោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញនៅថ្ងៃទី០៨ ខែកុម្ភៈនេះ។
បើតាមក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកុម្ភៈខាងមុខ តំបន់វាលទំនាប សីតុណ្ហភាពអប្បបរមាចន្លោះពី ២៥ ទៅ២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៤ ទៅ៣៧អង្សាសេ ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ១ទៅ២ម៉ែត្រ ក្នុងមួយវិនាទី។
ចំណែកតំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមាពី ២៣ ទៅ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៣ ទៅ៣៦អង្សាសេ ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ១ ទៅ៣ម៉ែត្រ ក្នុងមួយវិនាទី។ រីឯនៅតំបន់មាត់សមុទ្រវិញ ក្រសួងព្យាករថា សីតុណ្ហភាពអប្បបរមាចន្លោះពី ២៣ ទៅ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣២ ទៅ៣៤អង្សាសេ ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ១ ទៅ២ម៉ែត្រ ក្នុងមួយវិនាទី ខណៈរលកសមុទ្រមានកម្ពស់ពី ០,៥០ម៉ែត្រ ទៅ ១ម៉ែត្រ៕
អត្ថបទដោយ៖ យឺន សីហា