ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ឆ្នាំ២០២៤នេះ ធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈនៅថ្ងៃទី០៩ ខែកុម្ភៈ គឺជាថ្ងៃសែនចូលឆ្នាំប្រពៃណីចិន ដែលនឹងមានប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាញចិនមួយចំនួនធំ នាំគ្នាសែនព្រេនតាមទម្លាប់ដែលពួកគេតែងតែធ្វើជារៀងរាល់ឆ្នាំ។ អំឡុងការសែនព្រេន ប្រជាពលរដ្ឋខ្មែរសែស្រឡាយចិនតែងតែអុជធូបអុជទៀនជារឿយៗ។
ពាក់ព័ន្ធនឹងការអុជទៀនធូបនេះ កន្លងទៅ ក៏ធ្លាប់បង្កឱ្យកើតមានករណីអគ្គិភ័យដែលបង្កជាការឆាបឆេះផ្ទះសម្បែងផងដែរ។ ប្រការនេះ ទើបអាជ្ញាធរមានសមត្ថកិច្ច និងអ្នកតាមដានសង្គម តែងតែអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរសែស្រឡាយចិនទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការអុជទៀនធូប ជាពិសេសនៅពេលចាកចេញពីផ្ទះសម្បែង ត្រូវតែពន្លត់ភ្លើងទៀន និងធូបឱ្យបានត្រឹមត្រូវ។ ជាក់ស្ដែង សម្រាប់រាជធានីភ្នំពេញ អាជ្ញាធរបានប្រកាសណែនាំដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការអុជទៀនធូប ក្រដាសសែន ភ្លើងចង្រ្កាន ចរន្តអគ្គិសនី ដែលអាចបង្កជាគ្រោះអគ្គិភ័យនានាជាយថាហេតុ។
ងាកមកដឹងអំពីជំនឿលើការអុជទៀនធូបវិញ គឺជាគ្រឿងផ្សែងក្រអូបត្រូវបានគេជឿថា បង្កើតបរិយាកាសវេទមន្តដែលសមរម្យសម្រាប់ការអញ្ជើញ ហៅ ឬ ពាំនាំពាក្យពេចន៍ទៅកាន់បារមី នៃអាទិទេព និងវិញ្ញាណដែលតែងតែមានវត្តមាននៅជុំវិញអាសនៈនៃការបួងសួងនេះ កិច្ចពិធីនៃការអុជធូប ត្រូវបានគេជឿថា បញ្ចេញថាមពលដ៏ច្រើន ដែលផ្ទុកនៅក្នុងធម្មជាតិ ដើម្បីឱ្យវាអាចប្រើប្រាស់ សម្រាប់គោលបំណងវេទមន្ត នៃការបញ្ជូនសារទៅឱ្យចំពោះនរណាម្នាក់ មិនថាជា ទេវតា អរ័ក្សអ្នកតា ដួងវិញ្ញាណ នៃពួកខ្មោចព្រាយបិសាចឡើយ៕
អត្ថបទដោយ៖ យឺន សីហ