សុខភាព Feb 14, 2024

ទិវានៃក្ដីស្រឡាញ់៖អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍អំពាវនាវ​ឱ្យយុវជនប្រុងប្រយ័ត្នចំពោះជំងឺអេដស៍

image

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺអេដស៍។ ការប្រកាសបែបនេះ ដោយសារអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ សង្កេតឃើញថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាមួយចំនួន ភាគច្រើនស្រទាប់យុវជនបាននិយមយក ថ្ងៃទី១៤ ខែកុម្ភៈ ជា “ទិវានៃក្ដីស្រឡាញ់” យកថ្ងៃនេះបង្ហាញនូវមនោសញ្ចេតនាសេចក្ដីស្នេហា រហូតដល់អាចមានសកម្មភាពរួមភេទដែលប្រាសចាកនូវប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងអាចប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួនផងដែរ។

ជាមួយគ្នា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ បានគូសបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ការឆ្លងរីករាលដាលមេរោគអេដស៍នៅកំពុងបន្តកើតមានក្នុងចំណោមក្រុមប្រជាជនគន្លឹះ ជាពិសេសក្រុមយុវវ័យបុរសរួមភេទជាមួយបុរស។ តាមការប៉ាន់ស្មាននៅឆ្នាំ២០២៣កន្លងទៅ អ្នកផ្ទុកមេរោគអេដស៍មានចំនួនប្រមាណ ៧៦,០០០នាក់ អ្នកឆ្លងមេរោគអេដស៍ថ្មីមានប្រមាណ ១,៤០០នាក់ នៅក្នុងមួយឆ្នាំ ឬប្រមាណ ៤នាក់នៅក្នុងមួយថ្ងៃ។ ក្នុងចំណោមអ្នកឆ្លងមេរោគអេដស៍ថ្មីប្រមាណ ៤២ភាគរយ គឺជាយុវវ័យ ដែលមានអាយុពី ១៥ដល់២៤ឆ្នាំ។

លើសពីនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ បានអំពាវនាវដល់យុវជនទាំងអស់ឱ្យប្រើប្រាស់ “ទិវានៃក្ដីស្រឡាញ់” ទៅជាការស្រឡាញ់ខ្លួនឯង ស្រឡាញ់គ្រួសារ ស្រឡាញ់បងប្អូន ស្រឡាញ់ញាតិមិត្ត ស្រឡាញ់ប្រទេសជាតិ ស្រឡាញ់វប្បធម៌ប្រពៃណីដូនតាខ្មែរដ៏ផូរផង់របស់ខ្មែរ ដោយភ្ជាប់ជាមួយសារអប់ររំថា “ស្រឡាញ់ពិត ថែជីវិតចាកពីមេរោគអេដស៍”៕

អត្ថបទដោយ៖ យឺន សីហា