ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៨០លានដុល្លារអាមេរិក ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដោយផ្ដោតលើជំនាញ «សតវត្សទី២១» ដូចជាការគិតស៊ីជម្រៅ និងដោយភាពច្នៃប្រឌិត ការបង្រៀនដោយបរិយាបន្នសម្រាប់ទាំងសិស្សប្រុស និងស្រី និងការត្រួសត្រាយផ្លូវសម្រាប់ការអប់រំក្រោយមធ្យមសិក្សា។ គម្រោងអប់រំថ្នាក់មធ្យមសិក្សា ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្សនេះនឹងបង្កើនចំនួនអគារសិក្សា ដែលធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន (រួមទាំងថ្នាក់រៀនបន្ថែមចំនួន ៤០០) ដើម្បីដោះស្រាយស្ថានភាពចង្អៀតក្នុងថ្នាក់រៀន និងពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «កម្ពុជាត្រូវពន្លឿនការផ្លាស់ប្ដូរទៅរកសកម្មភាពសេដ្ឋកិច្ចដែលបន្ថែមតម្លៃខ្ពស់ ជាពិសេសសកម្មភាពដែលជំរុញដោយបច្ចេកវិទ្យា ដើម្បីរក្សាសមត្ថភាពប្រកួតប្រជែងជាសកល និងពង្រឹងវឌ្ឍនភាពសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់ខ្លួនកន្លងមកនេះ។ កម្លាំងពលកម្មប្រកបដោយជំនាញ និងការអប់រំ គឺជាតម្រូវការមូលដ្ឋាន ដើម្បីសម្រេចបានគោលដៅនេះ។ ឈរលើសមិទ្ធផលនៃការវិនិយោគជាបន្តបន្ទាប់របស់ ADB ក្នុងវិស័យអប់រំ និងអភិវឌ្ឍន៍ជំនាញ គម្រោងនេះមានគោលបំណងពង្រីកសក្ដានុពល នៃចំនួនពលរដ្ឋវ័យក្មេងរបស់កម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត។
យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញថា ចំនួនចុះឈ្មោះពិត នៃការសិក្សាមធ្យមសិក្សាទុតិយភូមិ នៅមានអត្រាទាបត្រឹមតែ ៣៥,៥ភាគរយ នៅក្នុងប្រទេសកម្ពុជា ដោយសារកត្តាដូចជា អគារសិក្សាមិនគ្រប់គ្រាន់ និងសេដ្ឋកិច្ចគ្រួសារ ជាពិសេសសម្រាប់ក្មេងប្រុសដែលត្រូវរួមចំណែកប្រាក់រកចំណូលគ្រួសារ។ គ្រូបង្រៀនត្រូវការបណ្ដុះបណ្ដាល និងការគាំទ្របន្ថែម ដើម្បីអភិវឌ្ឍជំនាញ និងសមត្ថភាពឱ្យឆ្លើយតបនឹងតម្រូវការដើម្បីបង្រៀនសិស្សបច្ចុប្បន្ន។ ជាងនេះទៅទៀត សិស្សដែលត្រូវការការអប់រំពិសេសត្រូវប្រឈមនឹងឧបសគ្គកាន់តែខ្លាំង ដើម្បីទទួលបានការអប់រំមធ្យមសិក្សាប្រកបដោយគុណភាព។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្ថែមថា៖ គម្រោងខាងលើនេះនឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំ ជាពិសេសសម្រាប់សិស្សានុសិស្សដែលមានពិការភាពក្នុងការសិក្សា តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាជំនួយ និងការគាំទ្រដល់សាលាមធ្យមសិក្សាអប់រំពិសេស។ គម្រោងនេះនឹងលើកកម្ពស់ការអប់រំលើមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីរៀបចំក្រុមកម្លាំងពលកម្មសម្រាប់នាពេលអនាគត ដែលមានជំនាញស្របតាមតម្រូវការឧស្សាហកម្ម។ សម្រាប់គោលដៅដូចគ្នានេះដែរ គម្រោងនឹងអភិវឌ្ឍជំនាញទន់ ដូចជាការទំនាក់ទំនង ការសហការ និងការគិតប្រកបដោយការរិះគន់ និងការគិតស៊ីជម្រៅ និងដោយភាពច្នៃប្រឌិតសម្រាប់សិស្សានុសិស្ស។ គម្រោងនេះនឹងវិនិយោគលើការកែលម្អការអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូបង្រៀន ដើម្បីជំរុញវិធីសាស្រ្តបង្រៀនតាមបែបគម្រោង ដែលរួមបញ្ចូលការងារជាក្រុម ការដោះស្រាយបញ្ហា ជាក់ស្ដែង និងការចូលរួមជាមួយសហគមន៍។ គម្រោងក៏នឹងពិនិត្យ និងពង្រឹងការប្រឡងបញ្ចប់ការសិក្សាថ្នាក់ទី១២ ដើម្បីពិនិត្យវាយតម្លៃមើលឱ្យកាន់តែច្បាស់នូវកម្មវិធីសិក្សា ដែលបានធ្វើទំនើបកម្ម ក៏ដូចជាបង្កើតវគ្គសិក្សាបំប៉នពិសេសក្នុងវិស័យអាទិភាព ដូចជា សេដ្ឋកិច្ចឌីជីថល និងគណិតវិទ្យាអនុវត្ត សម្ដៅពង្រឹងប្រភពធនធានមនុស្សប្រកបដោយជំនាញ។
មិនតែប៉ុណ្ណោះ គម្រោងនេះគឺជាធាតុផ្សំដ៏សំខាន់នៃការគាំទ្ររបស់ ADB សម្រាប់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស។ វាស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់របស់រដ្ឋាភិបាលសម្រាប់កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក៏ដូចជា យុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជារបស់ ADB ឆ្នាំ២០២៤-២០២៨។
លើសពីនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្ដេជ្ញាថានឹងសម្រេចឱ្យបាននូវវិបុលភាព បរិយាបន្ន ភាពធន់ និងនិរន្តភាពក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ ជាក់ស្ដែង ធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៩ប្រទេស ដែលក្នុងនោះមាន ៤៩ប្រទេស មកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕
អត្ថបទដោយ៖ យឺន សីហា