អប់រំ Jan 23, 2024

និស្សិតចេញធ្វើការខុសពីជំនាញសិក្សានៅសាកលវិទ្យាល័យជារឿងល្អឬទេ?

image

សព្វថ្ងៃនិស្សិតខ្មែរជាច្រើនបាននិងកំពុងប្រឈមបញ្ហាធំមួយ គឺបញ្ហាចេញធ្វើការខុសជំនាញដែលបានសិក្សានៅសាកលវិទ្យាល័យ ដោយនិស្សិតខ្លះសិក្សាជំនាញផ្សេងនៅសាកលវិទ្យាល័យ ហើយបែរជាធ្វើការជំនាញផ្សេង។ បញ្ហាធ្វើការខុសជំនាញសិក្សានៅសាកលវិទ្យាល័យ ភាគច្រើនកើតមានចំពោះនិស្សិតដែលមានជីវភាពខ្សត់ខ្សោយ មិនសូវមានធនធាន ដោយសារពួកគេចាំបាច់ចូលធ្វើការ ដើម្បីទទួលបានប្រាក់បៀវត្សយកមកផ្គត់ផ្គង់ការសិក្សា និងផ្គត់ផ្គង់ជីវភាពគ្រួសារជាដើម។ល។

បញ្ហាមួយទៀត ដែលជំរុញឱ្យនិស្សិតត្រូវជ្រើសរើសការងារដែលខុស ឬផ្ទុយពីជំនាញសិក្សារបស់ខ្លួននៅសាកលវិទ្យាល័យ គឺបញ្ហាឱកាស។ ជាក់ស្ដែង និស្សិតខ្លះ ដ្បតិថាពួកគេបានជ្រើសរើសជំនាញសិក្សាដែលជាជំនាញសម្បូរទីផ្សារការងារក្ដី ប៉ុន្តែទន្ទឹមនឹងសម្បូរទីផ្សារជំនាញនោះក៏មានការប្រកួតប្រជែង និងមានភាពចង្អៀតក្នុងការដែលនិស្សិតទទួលបានឱកាសចូលទៅបំពេញការងារដូចគ្នា។

និស្សិតម្នាក់ឈ្មោះ រស្មី កំពុងសិក្សាជំនាញព័ត៌មានវិទ្យា ឆ្នាំទី៣ នៅសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ បាននិយាយរៀបរាប់ថា៖  “ខ្ញុំធ្លាប់ធ្វើការខុសជំនាញដែលសិក្សា ដោយបំពេញការងារជាបុគ្គលិកឥណទាននៅមីក្រូហិរញ្ញវត្ថុឯកជនមួយនៅឯខេត្តតាកែវ។ មូលហេតុដែលបង្ខំឱ្យខ្ញុំត្រូវជ្រើសរើសការងារដែលខុសពីជំនាញសិក្សានេះ ព្រោះខ្ញុំត្រូវការថវិកាមកផ្គត់ផ្គង់ការសិក្សា ពោលគឺដើម្បីយកមកបង់ថ្លៃសាលារស្មីថា៖ មូលហេតុសំខាន់មួយទៀត គឺបញ្ហាឱកាស ព្រោះថា ទោះបីជានិស្សិតនោះពូកែប៉ុណ្ណាក៏ដោយ បើគ្មានឱកាសហើយនឹងមិនអាចជ្រើសរើសការងារឱ្យត្រូវនឹងជំនាញសិក្សាដដែល

យុវជនដដែល លើកឡើងថា៖ “ការធ្វើការងារខុសមុខជំនាញសិក្សា ធ្វើឱ្យខ្លួនជួបផលលំបាក និងបញ្ហាប្រឈមក្នុងការសិក្សា ព្រោះការងារដែលធ្វើខុសគ្នាពីអ្វីដែលបានរៀន ឬសិក្សានៅសាកលវិទ្យាល័យ ហើយសម្រាប់ការងារធ្វើដោយមិនអស់ពីឆន្ទៈឡើយ

រស្មីយល់ថា បើសិនអាច និស្សិតដទៃទៀត មិនគួរជ្រើសរើសការងារដែលខុសពីមុខជំនាញសិក្សានៅសាកលវិទ្យាល័យឡើយ ដូចបទពិសោធន៍ដែលរស្មីបានជួបជាឧទាហរណ៍ស្រាប់ មានផលលំបាកព្រោះតែការជ្រើសរើសការងារខុសមុខជំនាញសិក្សានេះ។

កញ្ញា ឈាង សុខលីន ជានិស្សិតបញ្ចប់ការសិក្សាផ្នែកវិទ្យាស្ថានភាសាបរទេស ជំនាញអក្សរសាស្ដ្រភាសាជប៉ុន បានរៀបរាប់ថា៖ កាលពីឆ្នាំ២០២១ នាងខ្ញុំធ្លាប់បានធ្វើការខុសជំនាញដែលបានរៀននៅសាកលវិទ្យាល័យ។ កត្តាដែលធ្វើឱ្យនាងខ្ញុំសម្រេចចិត្តធ្វើការខុសជំនាញមាន២ចំណុចគឺ៖ ទី១/.កង្វះខាតជីវិភាពប្រចាំថ្ងៃ និងទី២/.គ្មានឪកាសការងារដែលត្រូវនឹងជំនាញកំពុងរៀន

កញ្ញាសុខលីន បន្តថា៖ ការធ្វើការខុសពីជំនាញដែលរៀនមានផលលំបាកជាច្រើនដែលនាងខ្ញុំបានឆ្លងកាត់ ដោយសារការចាប់ផ្ដើមការងារថ្មីមួយដោយគ្មានមូលដ្ឋានគ្រឹះជាគោល បានផ្ដល់ការលំបាកជាខ្លាំង។ នាងខ្ញុំបានចំណាយពេលជាច្រើនដើម្បីសិក្សាស្វែងយល់ពី មូលដ្ឋានគ្រឹះការងារ ដើម្បីយកមកអភិវឌ្ឍន៍ក្នុងការងារ លើសពីនេះទៅទៀត ផលលំបាកដែលប្រឈមខ្លាំងគឺ ការងារដោះបញ្ហាក្នុងការងារ ប៉ុន្ដែ បន្ទាប់ពីសិក្សាស្វែងពីការងារជាច្រើន វាបានក្លាយជាឱកាសមួយដែលអាចឱ្យទទួលបានបទពិសោធន៍ថ្មីមួយក្នុងការងារ និងអាចរកជំនាញពិតប្រាកដមួយដែលខ្លួនឯងចេះប្រាកដ។ សម្រាប់ខ្ញុំយល់ថា និស្សិតភាគច្រើនដែលធ្វើការខុសជំនាញគឺ ដោយសារទីផ្សារការងារដែលត្រូវនឹងជំនាញរៀនគឺមានតិច

ពាក់ព័ន្ធបញ្ហានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌត្យសភាកម្ពុជា បានបង្ហាញទស្សនថា៖ នៅប្រទេសកម្ពុជាហាក់ខ្វះព័ត៌មានជាក់លាក់ និងការស្រាវជ្រាវអំពីតម្រូវការធនធានមនុស្ស ឬទីផ្សារការងារ។ ប្រការនេះ លោកបណ្ឌិតយល់ថា៖ "កម្ពុជាគួរតែមានស្ថាប័នរដ្ឋ ឬស្ថាប័នណាមួយ ដែលទទួលខុសត្រូវតួនាទីបង្ហាញរបាយការណ៍ក្នុងសន្និបាតការងារប្រចាំឆ្នាំអំពីតួលេខថា ត្រូវការធនធានមនុស្សកម្រិតណា និងជំនាញណាខ្លះ? ក្រៅពីស្ថាប័នរដ្ឋ ក៏គួរតែមានស្ថាប័នស្រាវជ្រាវផ្សេងទៀត ដែលគួរធ្វើការងារនេះផងដែរ"។

ចំពោះកត្តាបង្ខំឱ្យនិស្សិតចេញធ្វើការងារខុសជំនាញសិក្សា លោកបណ្ឌិត ឈត ប៊ុនថង យល់ថា អាចមកពីកត្តាពីរ ដូចជា៖ ទី១/. កត្តាខ្វះការងារធ្វើ និងទី២/.និស្សិតខ្លះមានទំនាក់ទំនងជិតស្និទ្ធជាមួយកន្លែងការងារណាមួយដែលខុសពីជំនាញសិក្សារបស់ខ្លួន ប៉ុន្តែពួកគេអាចមានឱកាសខ្ពស់ក្នុងការចូលបំពេញការងារ។

អ្នកជំនាញខាងទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជ្យបណ្ឌិត្យសភាកម្ពុជា លើកឡើងបន្ថែមទៀតថា៖ "ការធ្វើការខុសជំនាញសិក្សា បើសិនជាជំនាញនោះមានលក្ខណៈខុសបន្តិចបន្តួច មិនខុសដាច់ឆ្ងាយពីជំនាញសិក្សា គឺមិនជាបញ្ហាចោទឡើយ"។ ផ្ទុយទៅវិញ បើសិនជាការងារខុសដាច់ឆ្ងាយពេក ច្បាស់ណាស់ថា មិនមែនជារឿងល្អនោះទេ។ ដូច្នេះ លោកបណ្ឌិត បានស្នើឱ្យនិស្សតិ បើអាចនិស្សិតគួរតែជ្រើសរើសការងារណាដែលត្រូវនឹងជំនាញសិក្សារបស់ខ្លួនទើបជារឿងប្រសើរ៕

អត្ថបទដោយ៖ យឺន សីហា