ប្រភពរូបភាព៖ ReliefWeb
លោក Peter Sands នាយកប្រតិបត្តិនៃមូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់បាននិយាយថា កំណើនកាន់តែខ្លាំងចំពោះការចម្លងជំងឺគ្រុនចាញ់ បានកើតឡើង ក្រោយទឹកជំនន់នាពេលថ្មីៗ បានវាយលុកប្រទេសប៉ាគីស្ថាន និងព្យុះស៊ីក្លូននៅប្រទេសម៉ូសំប៊ិកកាលពីឆ្នាំ២០២១។
នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅក្រុង Davos លោក Sands បានលើកឡើងយ៉ាងដូច្នេះ «នៅពេលដែលអ្នកជួបព្រឹត្តិការណ៍អាកាសធាតុអាក្រក់ វាគឺជារឿងធម្មតាទេដែលនឹងជួបការកើនឡើងនៃជំងឺគ្រុនចាញ់»។
លោកបានបន្តថា បម្រែបម្រួលអាកាសធាតុ ក៏កំពុងផ្លាស់ប្តូរភូមិសាស្ត្ររបស់សត្វមូសផងដែរ។ ប្រជាជនដែលរស់នៅតំបន់ខ្ពង់រាបនៃទ្វីបអាហ្រ្វិក ដូចជាប្រទេសកេនយ៉ា និងប្រទេសអេត្យូពី បច្ចុប្បន្នបានធ្លាក់ខ្លួនឈឺដោយជំងឺគ្រុនចាញ់។
ដើម្បីដោះស្រាយបញ្ហានេះ លោក Sands បានដឹកនាំមូលនិធិសកលដ៏ធំបំផុតមួយរបស់ពិភពលោក ដែលវិនិយោគក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង គ្រុនចាញ់ និងមេរោគអេដស៍/ជំងឺអេដស៍ នៅក្នុងប្រទេសក្រីក្របំផុតមួយចំនួន។ មូលនិធិត្រូវបានកំណត់គោលដៅនៃការរៃអង្គាសប្រាក់ឱ្យបានចំនួន១៨ពាន់លានដុល្លារ ហើយរហូតមកដល់ពេលនេះ ការរៃអង្គាសមានទឹកប្រាក់ចំនួន១៥,៧ពាន់លានដុល្លារហើយ ដែលជាចំនួនទឹកប្រាក់ដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងវិស័យសុខភាពពិភពលោក។
ប្រធានមូលនិធិសុខភាពដដែល បានបន្ថែមទៀតថា បម្រែបម្រួលអាកាសធាតុ គឺជាកត្តាមួយដែលអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ជំងឺ។
បើតាមការចេញផ្សាយពីសារព័ត៌មាន CNA សង្គ្រាមនៅអ៊ុយក្រែន បានរួមចំណែកបង្កឱ្យមានជំងឺអេដស៍ និងជំងឺរបេងកាន់តែអាក្រក់ ខណៈនៅក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យមដូចជា ប្រទេសឥណ្ឌា ប៉ាគីស្ថាន និងឥណ្ឌូនេស៊ី ករណីជំងឺរបេងក្នុងចំណោមប្រជាជនក្រីក្របំផុតក៏កំពុងកើនឡើងផងដែរ។
ជាមួយនឹងការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចសកល លោក Sands បានព្រមានថា ប្រទេសទាំងនោះនឹងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង៕