ព័ត៌មានជាតិ Mar 02, 2023

ប្រមុខរាជរដ្ឋាភិបាលអះអាងថា កម្ពុជាគ្រប់គ្រងបានកូវីដ-១៩ហើយ ប៉ុន្តែមិនចាត់ទុកថា ជំងឺនេះជាជំងឺផ្ដាសាយធម្មតានោះទេ

image

​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​ថា​ ​បច្ចុប្បន្ន​នៅ​កម្ពុជា​មានឱកាស​ជួបជុំគ្នា​ដែល​មាន​អ្នកចូលរួម​រហូតដល់​រាប់ពាន់​នាក់​ដែល​ករណី​នេះ​ ​សម្ដេច​តេជោ ​បញ្ជាក់​ថា​ ​ដោយសារតែ​កម្ពុជា​គ្រប់គ្រង​បាន​ជំងឺ​កូ​វី​ដ​-​១​៩​ដែល​កើត​នៅ​ក្នុង​ប្រទេស​។​ ​យ៉ាងនេះ​ក្តី​ ​សម្តេច​តេជោ ​ហ៊ុន​សែន​ ​មានប្រសាសន៍ថា​ ​កម្ពុជា​ ​មិន​ប្រកាស​ចាត់​ទុក​ជំងឺ​នេះ​ ​ជា​ផ្តាសាយ​ធម្មតា​នោះ​ឡើយ​ ​ព្រមទាំង​មិន​ទម្លាក់​ចោលការ​ការពារ​ជំងឺ​កូ​វី​ដ​១​៩​នោះ​ទេ​។​ ​សម្ដេច​បន្ថែម​ថា​ ​កម្ពុជា​ជា​ប្រទេស​ទន់ខ្សោយ​គឺ​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​។​ ​សម្ដេច​បន្ថែម​ថា​ប្រសិនបើ​កម្ពុជា​ចាត់​ទុក​ជំងឺ​កូ​វី​ដ​-​១​៩​ ​ជា​ជំងឺ​ផ្ដាសាយ​ធម្មតា​កម្ពុជា​ក៏​មិន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចាក់​វ៉ាក់សាំង​បន្ត​នោះ​ដែរ​។​

​ករណី​នេះ​ ​អ្នកឧកញ៉ា​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​អ្នកជំនាញ​សុខភាព​សាធារណៈ​បាន​មានប្រសាសន៍ថា​ ​អង្គការសុខភាព​ពិភពលោក​មិនទាន់​ប្រកាស​នៅឡើយ​ទេ​ថា​ ​ជំងឺ​កូ​វី​ដ​-​១​៩​នេះ​ ​គឺជា​ជំងឺ​ផ្ដាសាយ​ធម្មតា​។​ ​អ្នកឧកញ៉ា​បញ្ជាក់​ថា​ ​ផ្ដាសាយ​គឺ​មាន​ប្រភេទ​ផ្សេងៗ​គ្នា​ ​ហើយ​ផល​ប៉ះពាល់​គឺ​ផ្សេងៗ​គ្នា​​។​ ​ករណី​នេះ​លោកជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​យល់​មូលហេតុ​ដែល​សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​មានប្រសាសន៍​យ៉ាង​ដូច្នេះ​។​ ​អ្នកឧកញ៉ា​បន្ថែម​ថា​ ​ប្រទេស​មួយ​ចំនួន​នៅ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​នេះ​ ​ព្រមទាំង​នៅ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​។​ ​អ្នកឧកញ៉ា​ចាត់ទុកថា​ ​កម្ពុជា​មានសំណាង​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ ​និង​ក្រសួងសុខាភិបាល​បាន​យកចិត្តទុកដាក់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​ទ្រង់ទ្រាយ​ធំ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស៊ាំ​ជាមួយ​ជំងឺ​កូ​វី​ដ​-​១​៩​នេះ​។​

 ​យ៉ាងនេះ​ក្តី​លោក​ថា​ ​កម្ពុជា​មិន​អាច​ខ្វះ​ការប្រុងប្រយ័ត្ន​បានទេ​ ​ព្រោះ​មាន​ជនបរទេស​ដែល​រស់នៅ​ក្នុង​ប្រទេស​ដែល​នៅ​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ ​បាន​ចេញ​ ​ចូល​មក​ប្រទេស​កម្ពុជា​ផង​ដែរ​ ​ដែល​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវតែ​បន្ត​អនុវត្ត​វិធានការ​៣​កុំ​ ​៣​ការពារ​ដដែល​។​

​អ្នកឧកញ៉ា​បញ្ជាក់​បន្ថែម​ថា​ ​ការ​បន្ត​អនុវត្ត​វិធានការ​ ​៣​កុំ​ ​៣​ការពារ​នេះ​ ​គឺ​មិនមែន​ការពារ​បានតែ​ជំងឺ​កូ​វី​ដ​-​១​៩​នោះ​ទេ​ ​គឺ​ការពារ​បាន​ជំងឺ​ជាច្រើន​ទៀត​ដូចជា​ ​ផ្ដាសាយ​បក្សី​ ​និង​ផ្ដាសាយ​ប្រភេទ​ផ្សេងទៀត​ផង​ដែរ​។​

​ជាមួយគ្នា​នេះ​អ្នកឧកញ៉ា​ក៏​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-​១​៩​បាន​គ្រប់គ្រាន់​ ​បន្ត​ចាក់​វ៉ាក់សាំង​ ឱ្យ​បាន​គ្រប់គ្រាន់​ ​ព្រោះថា​ ​ការ​ចាក់​នោះ​គឺ​មិនទាន់​គ្រប់​កំណត់​ក្នុង​ការ​ដំណើរការ​ការពារ​ជំងឺ​កូ​វី​ដ​-​១​៩​៕