សង្គម Feb 24, 2023

មជ្ឈមណ្ឌលភាសា អេ អាយ អាយ នាំយុវជនធ្វើសកម្មភាពសប្បុរសធម៌នៅសាលាបឋមសិក្សាគោកស្នួល ខេត្តសៀមរាប

image

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២​៤​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​នេះ​ ​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​សាខា​សៀមរាប​ ​សហការ​ជាមួយ​មូលនិធិ​ម៉េង​លី​ ជេ. គួ​ច​ ​បាន​រៀបចំ​កម្មវិធី​សម្បុរ​ស​ធម៌​ទៅកាន់​សាលាបឋមសិក្សា​គោក​ស្នួល​ ​ដែល​ស្ថិតនៅ​ឃុំ​គោក​ដូង​ ​ស្រុក​អង្គរជុំ​ ​ខេត្ត​សៀមរាប​ ​កំពុង​ជួបប្រទះ​ការ​ខ្វះខាត​សម្ភារ​ប្រើប្រាស់​ ​និង​បរិ​ក្ខា​ផ្សេងៗ​ ​នៅក្នុងបន្ទប់​រៀន​នីមួយៗ​។​

​ពាក់ព័ន្ធ​នឹង​កម្មវិធី​សប្បុរស​ធម៌​ ​នៅ​ថ្ងៃនេះ​ ​លោក​ ​សែម​ ​សំ​អាន​ ​ប្រធាន​គ្រប់គ្រង​គម្រោង​មូលនិធិ​ ​នៃ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​បាន​ឱ្យ​ដឹង​ថា​ ​សម្រាប់​ការឧបត្ថម្ភ​ជូន​ដល់​សាលា​ខាងលើ​រួម​មាន​ ​ការ​ជួយ​សាងសង់​នូវ​អណ្តូង​ទឹក​ចំនួន​១​ ​ចែក​ជូន​សម្ភារ​សិក្សា​ចំនួន​២​០​០​ ​កញ្ចប់​ដល់​សិស្សានុសិស្ស​ ​និង​សម្ភារ​ប្រើប្រាស់​ស​ម្លៀ​ក​បំពាក់​មួយ​ចំនួន​ធំ​ ​ចែក​ជូន​ដល់​អាណាព្យាបាល​សិស្ស​ផង​ដែរ​។​

​កញ្ញា​ ​គង់​ ​ល​ក្ខិ​ណា​ ​នាយិកា​ ​នៃ​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​សាខា​សៀមរាប​ ​បាន​លើកឡើង​ថា​ ​ការឧបត្ថម្ភ​អណ្តូង​ទឹក​ស្អាត​នេះ​ ​ដោយសារតែ​មើលឃើញ​ថា​ ​សាលាបឋមសិក្សា​គោក​ស្នួល​នេះ​ ​មាន​កង្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​ជា​ខ្លាំង​ ​ដែល​ធ្វើ​ឱ្យ​សិស្សានុសិស្សត្រូវយក​ទឹក​មកពីផ្ទះ ​ដើម្បី​ប្រើ​សម្រាប់​លាងដៃ​ ​និង​ក្នុង​បន្ទប់ទឹក​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​សម្ភារ​សិក្សា​របស់​គាត់​ ​ក៏មាន​បញ្ហា​ប្រឈម​ផង​ដែរ​។​

​យ៉ាងណាមិញ​ ​កញ្ញា​ ​បាន​បញ្ជាក់​ថា​ ​សប្បុរស​ធម៌​នេះ​ ​នឹង​នាំមក​នូវ​ស្មារតី​មនុស្សធម៌​នៃ​ការ​យកចិត្តទុកដាក់​ ​និង​សេចក្តី​ស្រឡាញ់​ ​ដើម្បី​ធ្វើ​ឱ្យ​ពិភពលោក​នេះ​ក្លាយ​ជា​កន្លែង​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​មនុស្ស​គ្រប់គ្នា​។​

​នាយិកា​គង់​ ​ល​ក្ខិ​ណា​ ​បាន​បញ្ជាក់​យ៉ាង​ដូច្ន​៖​ ​«​នេះ​ជា​ការ​ដាស់​ស្មារតី​មនុស្សធម៌​នៃ​ក្តី​បារម្ភ​ ​និង​សេចក្តី​ស្រឡាញ់​ ​ដើម្បី​ធ្វើ​ឱ្យ​ពិភពលោក​ក្លាយ​ជា​កន្លែង​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​មនុស្ស​គ្រប់គ្នា​ ​ហើយ​ព្រឹត្តិការណ៍​សប្បុរស​ធម៌​នេះ​ ​នឹង​មិន​អាច​ប្រព្រឹត្តទៅ​បានទេ​ ​បើ​គ្មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​និង​សហការ​ពី​សិស្សានុសិស្ស​ ​មាតាបិតា​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​និង​បុគ្គលិក​ ​ដែល​បាន​ជួយ​ក្នុង​កម្មវិធី​រៃ​អង្គាស​ថវិកា​នៅ​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​។​ ​»​

​សូម​ជម្រាប​ជូន​ថា​ ​ក្រៅពី​សកម្មភាព​ចែក​សម្ភារ​សិក្សា​ ​ដល់​សិស្សានុសិស្ស​ ​និង​កា​រដាក់​ឱ្យ​ប្រើប្រាស់​អណ្តូង​ទឹក​ ​គឺ​មាន​ការចូលរួម​សកម្មភាព​ផ្សេងទៀត​ដូចជា​ ​ការ​ដាំ​ដើមឈើ​ ​ការ​ដើរ​រើស​សំរាម​ ​និង​ស​ម្អា​ត​បរិស្ថាន​ក្នុង​បរិ​វេន​សាលា​ទាំងមូល​ ​ជាពិសេស​ក៏មាន​ការរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការថែទាំ​សុខភាព​ ​និង​អនាម័យ​ខ្លួនប្រាណ​ ​ដោយ​លោក​វេជ្ជបណ្ឌិត​ និ​ន​ ​សុខ​រង្សី​ ​ប្រធាន​ផ្នែក​មជ្ឈ​មណ្ឌលសុខភាព​សិស្ស​ និ​ន​ ​សុខ​រង្សី​ ​ទៀត​ផង​៕​