អប់រំ Sep 20, 2024

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាទួលសង្កែ ត្រូវបានដាក់សម្ពោធជាផ្លូវការ

image

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សាថ្មីរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាទួលសង្កែ ដែលជាសាខាទី២៤ជាផ្លូវការហើយ។

ពិធីសម្ពោធអគារសិក្សាថ្មីនេះ មានវត្តមានអញ្ជើញចូលរួមជាអធិបតីដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ព្រមទាំងលោកជំទាវ។ ជាមួយគ្នា ក៏មានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងអ្នកសារព័ត៌មានជាច្រើនរូបទៀត។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបង្ហាញអារម្មណ៍រីករាយយ៉ាងក្រៃលែងដែលក្រុមហ៊ុនរបស់អ្នកឧកញ៉ាបានដាក់សម្ពោធអគារសិក្សាថ្មីមួយទៀត គឺអគារសិក្សា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាទួលសង្កែ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បន្តថា៖ «អគារសិក្សាថ្មីនេះនឹងត្រៀមទទួលសិស្សានុសិស្សថ្មីឱ្យចុះឈ្មោះចូលរៀន សម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥។ អគារសិក្សាថ្មីនេះ អាចផ្ទុកសិស្សានុសិស្សបានចំនួន ១,៧៥០នាក់ និងមានបំពាក់ទៅដោយសម្ភារបរិក្ខារទំនើបៗ រួមមានដូចជា៖ បណ្ណាល័យ មជ្ឈមណ្ឌលសុខភាព អាហារដ្ឋាន និងហាងទំនិញ ជាដើម ដែលកាន់តែផ្ដល់ភាពងាយស្រួលដល់ដំណើរការសិក្សារបស់សិស្ស។»

មូលហេតុដែលក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក សម្ពោធសាខាថ្មីនៅតំបន់ទួលសង្កែនេះ ដោយសារតែក្រុមហ៊ុនមានមហិច្ឆតាពង្រីកសាខាឱ្យបានកាន់តែច្រើននៅក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងចូលរួមលើកស្ទួយវិស័យអប់រំរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។

ជាការកត់សម្គាល់ អ្នកឧកញ៉ា បានបង្ហើបឱ្យដឹងថា៖ «នាពេលខាងមុខទៀត ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក នឹងបន្តពង្រីកសាខាចំនួន៤បន្ថែមទៀតនៅតំបន់ខណ្ឌព្រែកព្នៅ និងខណ្ឌកំបូល។»

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានកើនដល់ចំនួន ២៤សាខាហើយ ខណៈកំពុងមានសិស្សានុសិស្សប្រមាណជាង ២,៥០០០នាក់ ហើយក៏នឹងបន្តទទួលសិស្សចុះឈ្មោះចូលរៀនក្នុងឆ្នាំសិក្សាថ្មី២០២៤-២០២៥ខាងមុខនេះបន្ថែមទៀតផងដែរ។

បច្ចុប្បន្ន មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ត្រូវបានចាត់ទុកជា ស្ថាប័នអប់រំឈានមុខគេមួយនៅកម្ពុជា និងមានអ្នកអាណាព្យាបាល និងមាតាបិតាសិស្សជាច្រើនផ្ដល់ទំនុកចិត្តយ៉ាងខ្លាំង ដែលចំណុចនេះតម្រូវឱ្យពង្រីកសាខាបន្ថែមកាន់តែច្រើន សម្រាប់ឆ្លើយតបទៅនឹងកំណើនយ៉ាងគំហុកនៃចំនួនសិស្សដែលចុះឈ្មោះចូលរៀន៕

អត្ថបទដោយ៖ យឺន សីហា