ការប្រកួតប្រជែងពហុសិល្បៈឯករាជ្យ ក្រោមប្រធានបទ «ខួបលើកទី៧០នៃឯករាជ្យជាតិកម្ពុជា» ដែលបានដាក់តាំងបង្ហាញរយៈពេល១ខែនៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ និងស្វែងរកសំឡេងឆ្នោតផងនោះ នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានរកឃើញម្ចាស់ជ័យលាភីជាវិចិត្រករចាស់-ថ្មីចំនួន៣នាក់ គឺលេខ១បានទៅលើលោក នួត ដារ៉ូ មានឈ្មោះថា «ជីវិតខ្ញុំ ការសម្រេចខ្ញុំ!»។ លេខ២បានទៅលើយុវសិស្ស គួច មែល្លីស្សាជែរហ៊ួយ មានឈ្មោះថា «ខ្ញុំបានភ្ជាប់អតីតកាលនិងអនាគតខ្ញុំ បង្កើតផ្លូវឆ្ពោះទៅរកឯករាជ្យភាព» និងលេខ៣ បានទៅលើ កញ្ញា អោក សុជាតា មានឈ្មោះថា «ភាពឯករាជ្យ»។
ក្នុងនាមជាម្ចាស់ជ័យលាភីលេខ២ មែល្ហីហ្សា ដែលជាកូនស្រីពៅរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គឺជាវិចិត្រករវ័យក្មេង បច្ចុប្បន្នជាសិស្សថ្នាក់ទី១០ មកពីសាលាអន្តរជាតិ North Bridge បានសម្តែងសេចក្តីរីករាយដែលបានទទួលជ័យលាភីពីកម្មវិធី ពិសេសគឺបានទទួលបទពិសោធល្អៗនិងបានស្គាល់វិចិត្រករខ្លាំងពូកែចាស់-ថ្មីជាច្រើននាក់ រួមទាំងស្នាដៃស្អាតៗរបស់ពួកគាត់។
មែល្លីហ្សា បានឱ្យដឹងថា៖ «នេះជាលើកទី១នៃការតាំងពិព័រណ៌គំនូររបស់ខ្ញុំ ធ្វើឱ្យខ្ញុំភ័យផង សប្បាយផង! គំនូរនេះខ្ញុំបានចំណាយពេលគូរអស់រយៈពេល៥ថ្ងៃទើបបញ្ចប់វា ដែលមានការជំរុញទឹកចិត្តពីប៉ាម៉ាក់។ រូបភាពនេះបានកើតឡើងតាមរយៈការនិទានជារឿយៗរបស់លោកប៉ាខ្ញុំកាលខ្ញុំនៅតូចអំពីរបបខ្មែរក្រហម។ ខ្ញុំបានគិតពីមនុស្សចាស់ដែលបានឆ្លងកាត់សម័យនោះ។ រូបនេះមើលមួយភ្លែត គិតថាជាក្មេងប្រុស២នាក់ជាបងប្អូននឹងគ្នា តែគេជាមនុស្សតែម្នាក់ទេ ដែលគេបានរត់គេចពីស្រុកកំណើត គេចពីរបបខ្មែរក្រហមដើម្បីស្វែងរកពន្លឺជីវិត។ ក្មេងប្រុសតូចអង្គុយក្នុងភាពមិនច្បាស់នោះ គឺជាអតីតកាល ហើយក្មេងប្រុសធំងើបឈរឡើង ដោយដៃម្ខាងកាន់ឈើ គឺបង្ហាញពីអនាគតមួយរបស់គាត់ដែលត្រូវការភាពរឹងមាំ ហើយដៃម្ខាងទៀតកាន់ចង្កៀងដើម្បីបំភ្លឺ គឺបង្ហាញពីពន្លឺភ្លឺស្វាងក្នុងការឈានទៅរកអនាគតដ៏ល្អនិងឯករាជ្យ។»
យុវសិស្សរូបនេះក៏បានថ្លែងអំណរគុណដល់កម្មវិធីពហុសិល្បៈឯករាជ្យ ដែលបានផ្តល់ឱកាសដល់វិចិត្រករវ័យក្មេងថ្មីថ្មោងនិងវិចិត្រករជំនាញៗមានឱកាសបញ្ចេញសមត្ថភាព ទេពកោសល្យ និងគំនិតច្នៃប្រតិដ្ឋរបស់ខ្លួនតាមរយៈគំនូរ រូបថត និងចម្លាក់ ដើម្បីបង្កើតជំនាញអនាគតមួយកាន់តែល្អ និងទីផ្សារមួយចំពោះសមិទ្ធផលរបស់ខ្លួន។
ដោយឡែក បើទោះបីពុំបានទទួលជ័យលាភីពីការប្រកួតក៏ពិតមែន កញ្ញា ស៊ូ សុភី ម្ចាស់ស្នាដៃ «គ្រាប់ពូជ» ដែលបានយកក្រដាសមកច្នៃធ្វើជាគ្រាប់ឈូក និងយកចង្អេរធ្វើជាផ្ទៃបឹងដើម្បីទ្រនូវផ្លែឈូក ដែលជាប្រភពគ្រាប់ពូជដ៏ច្រើននោះ ក៏ត្រេកអរដែលខ្លួនបានឆ្លងមកដល់ដំណាក់កាលតាំងពិព័រណ៌ ហើយបានឃើញពីភាពស្រស់ស្អាត និងទេពកោសល្យល្អៗរបស់វិចិត្រករថ្មីៗ ចាស់ៗជាច្រើន ដែលសុទ្ធតែពូកែៗ ហើយប្លែកៗទៀតផង។
កញ្ញា សុភី ក៏បានចូលរួមអបអរជាមួយម្ចាស់ជ័យលាភី ហើយក៏ជំរុញលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ សូមចូលរួមបង្កើតស្នាដៃសិល្បៈឱ្យបានច្រើន ព្រោះសិល្បៈមានភាពទូលំទូលាយ ហើយវាក៏ជាជំនាញមួយដ៏ល្អប្រសើរ សម្រាប់កសាងអនាគតផងដែរ៕
អត្ថបទដោយ៖ ហ៊ីង ស្រីរ័ត្ន