សុខភាព Mar 15, 2024

រាជធានី-ខេត្តនៅតំបន់វាលទំនាប និងខ្ពង់រាបអាចកើនកម្ដៅរហូតដល់៣៨អង្សាសេ

image

បណ្ដារាជធានី-ខេត្តដែលស្ថិតនៅតាមតំបន់វាលទំនាប និងតំបន់ខ្ពង់រាប់ នឹងអាចប្រឈមការកើនឡើងកម្ដៅរហូតដល់ ៣៨អង្សាសេ(°C)។ នេះបើយោងតាមសេចក្ដីជូនដំណឹងចេញដោយក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ សម្ពាធទាបបាននិងបន្តគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ភាគកណ្ដាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យនៅតំបន់វាលទំនាបកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នឹងមានសីតុណ្ហភាពអប្បបរមា ២៦អង្សាសេ(°C) និងសីតុណ្ហភាពអតិបរមា ៣៨អង្សាសេ(°C) បូករួមនឹងខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រក្នុងមួយវិនាទី ខណៈនៅតំបន់ទំនាបពាយ័ព្យអាចមានភ្លៀងធ្លាក់គ្រប់ដណ្ដប់លើផ្ទៃដីប្រមាណពី ៥ទៅ១០ភាគរយ។

ទន្ទឹមគ្នា ចំពោះតំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា ២៣អង្សាសេ(°C) និងសីតុណ្ហភាពអតិបរមា ៣៨អង្សាសេ(°C) ហើយមានខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ក្នុងល្បឿនមធ្យម២ម៉ែត្រក្នុងមួយវិនាទី។ រីឯនៅតំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអប្បបរមា ២៦អង្សាសេ(°C) និងសីតុណ្ហភាពអតិបរមា ៣៥អង្សាសេ(°C) ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រក្នុងមួយវិនាទី និងមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណពី ៥ទៅ១០ភាគរយ។ សម្រាប់រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ៕

អត្ថបទដោយ៖ យឺន សីហា