សង្គម Jan 19, 2024

លោកយាយ សេង ញ៉ាណ៖ មុខរបរធ្វើធូបបានកម្រៃតិច តែវាជាអត្តសញ្ញាណអ្នកស្រុកខ្ញុំ!

image

ធូបត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយមិនអាចខ្វះបាននៅក្នុងកិច្ចជំនឿខ្មែរដូចជា អុជថ្វាយបង្គំព្រះ សែនព្រេន រៀបចំគ្រឿងរណ្តាប់ក្នុងកិច្ចពិធីបុណ្យទានផ្សេងៗជាដើម។ លើសពីនេះ ការធ្វើធូបគឺជាមុខរបរប្រពៃណីបន្តពីមួយជំនាន់ទៅមួយជំនាន់របស់អ្នកភូមិជនបទដែលពឹងផ្អែកលើរុក្ខជាតិក្នុងតំបន់ ហើយអាចរកកម្រៃទ្រទ្រង់ជីវភាពបានទៀតងផង។ 

អ្នកធ្វើធូបភាគច្រើនជាស្ត្រីវ័យចំណាស់ ដែលកាលនៅក្មេងៗគាត់ចេះធ្វើតាមយាយ ម៉ែ ឬចាស់ៗក្នុងភូមិ។ ជាក់ស្តែងដូនចាស់ សេង ញ៉ាណ អាយុ៧៣ឆ្នាំ រស់នៅភូមិតាប្រុក ឃុំលាងដៃ សង្កាត់អង្គរធំ ខេត្តសៀមរាប គឺជាចាស់ទុំក្នុងភូមិមួយរូបដែលចេះធ្វើធូបតាំងពីតូច តែចាប់ផ្តើមធ្វើពេញដៃជើងនៅអាយុ៥០ឆ្នាំជាងសម្រាប់ទុកប្រើប្រាស់ខ្លួនឯងផង និងលក់ដូរផង។ 

ទាក់ទងនឹងវត្ថុធាតុដើមក្នុងការធ្វើធូបនេះមានដូចជា៖ ដើមសម្បុរបាយ ត្រឡាញ់ វល្លិរ៍ឆ្នូត កំពោធិ៍ យាងបោម អាចន៍រណា និងដើមត្រសៀត។ រុក្ខជាតិទាំងអស់នេះតែងរកបាននៅតាមព្រៃក្នុងសហគមន៍ជិតផ្ទះរបស់ពួកគាត់ តែបច្ចុប្បន្នទាល់តែទៅកាប់តាមភ្នំ នៅស្រែកណ្តាល អន្លង់វែង ព្រៃស្អាក ទើបរកបាន ដែលត្រូវចំណាយកម្លាំង ពេលវេលា និងប្រាក់ច្រើនជាងមុន។ លើសពីនេះ ក៏ត្រូវចំណាយលើការកិនវត្ថុធាតុដើមក្នុងតម្លៃ១គីឡូ ១០០០រៀលថែមទៀត បើគិតទាំងពេលវេលាធ្វើផង បានចំណេញតិចតួចបំផុត ព្រោះ១០០ដើម លក់បានតែ៣០០០រៀលប៉ុណ្ណោះ។ 

លោកយាយ សេង ញ៉ាណ បានឱ្យដឹងទៀតថា ការធ្វើធូបសព្វថ្ងៃមិនបាច់ហត់នឿយនឹងបុកវត្ថុធាតុដើមនោះទេ ព្រោះគេអាចកិនបានដោយម៉ាស៊ីន។ តែវាជួបការលំបាកខ្លះដូចជាឈឺស្មា ឈឺចង្កេះ ឈឺខ្នងព្រោះត្រូវអង្គុយយូរ ហើយមួយថ្ងៃលោកយាយអាចលុញធូបបានតែ៣០០ដើមប៉ុណ្ណោះ។ 

ធូបខ្មែរនេះអ្នកស្រុកនិយមប្រើណាស់ លក់នៅផ្សារក៏បាន នៅវត្ត នៅក្នុងកម្មវិធីបុណ្យទានក្នុងភូមិក៏បាន ហើយពេលខ្លះមានគេមកទិញដល់ផ្ទះក៏មាន។ លក្ខណៈពិសេសរបស់វាគឺមានក្លិនក្រអូប មិនឆួល ឆេះល្អ មិនរលាកដៃដូចធូបនាំចូលនោះឡើយ។ ចំពោះការធ្វើធូបនេះដែរ ទោះបីបានចំណេញតិច ក៏លោកយាយមិនបោះបង់អាជីពនេះទេ វាអាចឱ្យគាត់រកប្រាក់បានទិញម្ហូប ឬទៅធ្វើបុណ្យទាន ជាជាងអង្គុយទំនេរចោល។ លើសពីនេះ វាក៏ជាមុខរបរតពីដូនតាមកហើយ ប្រឹងធ្វើវាដើម្បីកុំឱ្យបាត់បង់ ខ្លាចក្មេងៗជំនាន់ក្រោយមិនចេះ មិនស្គាល់។ ដោយឡែកសព្វថ្ងៃលោកយាយក៏បានបង្រៀនកូននិងចៅស្រីឱ្យចេះធ្វើធូបនេះដែរ៕

អត្ថបទ : ហ៊ីង ស្រីរ័ត្ន