ព័ត៌មានជាតិ Feb 25, 2023

សិក្ខាសាលា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន MJQE

image

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅថ្ងៃទី២៥ ខែកុម្ភៈនេះ បានរៀបចំសិក្ខាសាលាសិក្ខាសាលា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

សិក្ខាសាលាដែលរៀបចំធ្វើនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងនេះ ក្រោមអធិបតីភាព​អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន​ លោក អ៊ីវ រ៉ាណ្ណារិទ្ធ នាយកប្រតិបត្តិ អ អេច ប៊ី ស៊ីឃ្យូរីធី (ខេមបូឌា) ​និង​សាធារណៈជនចូលរួមប្រមាណ​ជាង​២០០នាក់។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ក្នុងសិក្ខាសាលាពីការកកើតក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន​ កាលពីឆ្នាំ២០០៥ និងគោលដៅទៅថ្ងៃអនាគតថា ក្រុមហ៊ុនមានការអភិវឌ្ឍជាបន្តបន្ទាប់  ពីផ្ទះ២ល្វែង ហើយថ្ងៃអនាគតក្រុមហ៊ុននឹងមានសាលាគ្រប់ដណ្ដប់ទៅទូទាំងប្រទេស ព្រមទាំងឈានទៅកាន់ក្រៅប្រទេសបន្ថែមទៀតផង នៅពេលដែលក្រុមហ៊ុនមានទុនគ្រប់គ្រាន់។

អ្នកឧកញ៉ាបន្តថា ប្រសិនបើក្រុមហ៊ុនចូលក្នុងទីផ្សារមូលបត្រ នោះក្រុមហ៊ុននឹងមានការអភិវឌ្ឍលឿន ពោលគឺមានគោលដៅរហូតដល់ទៅ១៦០សាលានៅទូទាំងប្រទេសកម្ពុជា  ដែលត្រូវការទុនវិនិយោគប្រមាណ៣៥០លានដុល្លារឯណោះ ហើយកុ្រមអ្នកវិនិយោគទុនធំៗជាច្រើនចាប់អារម្មណ៍ចង់ចូលរួម ប៉ុន្តែត្រូវរងចាំក្រុមហ៊ុន ​ម៉េងលី ជេ. គួច អេឌ្យូខេសិន​ ចូលទីផ្សារភាគហ៊ុនលើកដំបូងរួចរាល់ ​ហើយរហូតមកដល់ពេលនេះ គឺរងចាំតែការឯកភាពយល់ព្រមពីនិយ័តករមូលបត្រកម្ពុជា​តែប៉ុណ្ណោះ​។

អ្នកឧកញ៉ាបន្ថែមថា នៅពេលដែលមានទុនគ្រប់គ្រាន់ហើយ ជំហានបន្ទាប់គឺបុគ្គលិកធ្វើការដើម្បីដំណើរការឱ្យបានដល់គោលដៅ។ អ្នកឧកញ៉ាបន្តទៀតថា ការចូលរួមរបស់អ្នកវិនិយោគ គឺជាភាពកក់ក្ដៅមួយដែលធ្វើឱ្យដំណើរការរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន​​ ​ចូលក្នុងទីផ្សារមូលបត្រនេះ។

លោក អ៊ីវ រ៉ាណ្ណារិទ្ធ នាយកប្រតិបត្តិ ​អ អេច ប៊ី ស៊ីឃ្យូរីធី (ខេមបូឌា)​ មានប្រសាសន៍ថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន​ មានចំណុចសក្ដានុពលជាច្រើនដែលអាចចូលទីផ្សារមូលបត្រនេះ ដូចជា​ ក្រុមហ៊ុន​មានប្រវត្តិក្នុងវិស័យអប់រំយូរឆ្នាំប្រកបដោយគុណភាព ហើយក្រុមហ៊ុន និងអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី​ មានប្រវត្ដិ និងកេរ្តិ៍ឈ្មោះល្អប្រសើរ និងមានការគោរពស្រឡាញ់ពី​មហាជន។ លោកបន្តថាដំណើរការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក៏ឃើញថា មានកំណើនគួរឱ្យកត់សម្គាល់ដែលអាចផ្តល់ទំនុកចិត្តបន្ថែមដល់អ្នកវិនិយោគ។

នៅក្នុងសិក្ខាសាលានៅនេះដែរ ក៏មានការចែកពាក្យបំពេញដើម្បីឱ្យអ្នកវិនិយោគបង្ហាញចំណាប់អារម្មណ៍ និងដាក់ទុនបម្រុងសម្រាប់អ្នកវិនិយោគនៅពេលដែលក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានចូល​ ​IPOផងដែរ៕