បុគ្គលិកបណ្ណសារដ្ឋាន(Archive Center) របស់ក្រុមហ៊ុន ម៉េង លី ជេ. គួច អេឌ្យូខេសិន នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាននាំយកសៀវភៅចំនួន ៣ ចំណងជើង ដែលតាក់តែងនិពន្ធដោយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី សរុបចំនួន ៩ ក្បាល ទៅតម្កល់ទុកនៅបណ្ណសារដ្ឋានជាតិ នៃកម្ពុជា។
យោងតាមសំណើតម្កល់សៀវភៅរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានឱ្យដឹងថា៖ សៀវភៅទាំង ៣ ចំណងជើងខាងលើរួមមាន៖ ទី១. សៀវភៅ «ភ្នំដងរែក ទីពុំអាចភ្លេច» (ជាភាសាអង់គ្លេស) ចំនួន ០៣ក្បាល, ទី២. សៀវភៅ «១០៨ ចក្ខុវិស័យ គួច ម៉េងលី» (ជាភាសាអង់គ្លេស) ចំនួន ០៣ក្បាល និងទី៣. សៀវភៅ «ធម្មជាតិក្នុងចិត្ត» ចំនួន ០៣ក្បាល។
ការដាក់តម្កល់សៀវភៅទាំង ៣ចំណងជើង របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នៅ បណ្ណសារដ្ឋានជាតិនៃកម្ពុជានេះ (National Archives of Cambodia) ក្នុងគោលបំណងដើម្បីតម្កល់ និងរក្សាទុកជាឯកសារស្រាវជ្រាវ ជាប្រយោជន៍សម្រាប់សាធារណជនជាតិ និងអន្តរជាតិ ព្រោះវាជារឿងប្រវត្តិសាស្រ្តពិតៗដែលអ្នកឧកញ៉ាឆ្លងកាត់ផ្ទាល់ និងកើតចេញពីគំនិតវិភាគនានាវិជ្ជមានក្នុងការបម្រើជាទុនពុទ្ធិប្រកបដោយអត្ថន័យ ខ្លឹមសារ ច្បាស់លាស់ និងការគិតស៊ីជម្រៅ។
ក្រោយទទួលបានសៀវភៅទាំង ៣ ចំណងជើង លោកជំទាវ លឹម គី ទីប្រឹក្សាទីស្តីការគណៈ-រដ្ឋមន្ត្រី និងជាថ្នាក់ដឹកនាំបណ្ណសារដ្ឋានជាតិ នៃកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមការងារបណ្ណសារដ្ឋាន(Archive Center) របស់ក្រុមហ៊ុន ម៉េង លី ជេ. គួច អេឌ្យូខេសិន ជាពិសេសអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលបាននាំយកសៀវភៅទាំង ៣ ចំណងជើងសរុបទាំង ៩ ក្បាល មកដាក់តម្កល់ទុកនៅបណ្ណសារដ្ឋានជាតិ នៃកម្ពុជា ដើម្បីផ្ដល់ជាប្រយោជន៍ដល់អ្នកសិក្សា និងអ្នកស្រាវជ្រាវ។
មិនតែប៉ុណ្ណោះ លោកជំទាវ លឹម គី បានថ្លែងលើកឡើងអំពីគោលបំណងចង់គោរពអញ្ជើញ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ឱ្យទៅចុះទៅធ្វើទស្សនកិច្ចផ្ទាល់នៅបណ្ណសារដ្ឋានជាតិ នៃកម្ពុជា ដើម្បីឱ្យ អ្នកឧកញ៉ា បានចុះពិនិត្យអំពីការរៀបចំ-ទុកដាក់ឯកសារនៅបណ្ណសារដ្ឋានជាតិ នៃកម្ពុជា។
យ៉ាងណាមិញ នាពេលខាងមុខ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏មានគម្រោងចង់ដាក់តម្កល់សៀវភៅដែលនិពន្ធដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បន្ថែមទៀតផងដែរ ខណៈបច្ចុប្បន្នអ្នកឧកញ៉ា កំពុងតែសរសេរ និងតាក់តែងសៀវភៅថ្មីៗជាបន្តបន្ទាប់។
សូមបញ្ជាក់ថា បណ្ណសារដ្ឋានជាតិ នៃកម្ពុជា គឺជាស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ នាយកដ្ឋានតម្កល់ឯកសារជាតិ ទទួលបន្ទុកគ្រប់គ្រងថែរក្សាឯកសាររដ្ឋបាលរបស់រាជរដ្ឋាភិបាល ដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងគតិយុត្ត ដើម្បីអភិរក្សទុកសម្រាប់មនុស្សសម័យបច្ចុប្បន្ន និងអនាគតប្រើប្រាស់។ ឯកសារដែលមាននៅក្នុងនាយកដ្ឋានតម្កល់ ឯកសារជាតិបានកត់ត្រាព្រឹត្តិការណ៍ និងការសម្រេចចិត្តដែលឆ្លុះបញ្ចាំងពីរដ្ឋ និងសង្គមកម្ពុជាចាប់ពី ស.វ ទី១៩ មក៕
អត្ថបទដោយ៖ យឺន សីហ