អប់រំ Sep 11, 2024

សៀវភៅ «ធម្មជាតិក្នុងចិត្ត» ជាស្នាដៃទី១២របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ត្រូវបានសម្ពោធជាផ្លូវការ

image

សៀវភៅ «ធម្មជាតិក្នុងចិត្ត» ដែលជាសៀវភៅបែបប្រវត្តិសាស្រ្តកត់ត្រាខ្លឹមសារ នៃដំណើរអញ្ជើញចូលគាល់សម្ដេច ប៉ាប ហ្រ្វង់ស៊ីស របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច​ ម៉េងលី និងតំណាងព្រះពុទ្ធសាសនិកកម្ពុជានៅឯវិមានវ៉ាទីកង់ ក្រុងវ៉ាទីកង់ កាលពីដើមឆ្នាំ២០២៣កន្លងទៅ ត្រូវបានដាក់សម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅបណ្ណាគារអន្តរជាតិ (IBC) សាខាខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

ពិធីសម្ពោធសៀវភៅនេះ មានការអញ្ជើញចូលរួមជាអធិបតីដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ព្រមទាំងលោកបូជាចារ្យ គង់ វៀល និងតំណាងរបស់បណ្ណាគារអន្តរជាតិ។ ជាមួយគ្នា ពិធីនេះក៏មានវត្តមានចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកដែលនិយមអានសៀវភៅ រួមទាំងអ្នកសារព័ត៌មាន និងអន្តរជាតិជាច្រើននាក់ផងដែរ។

ថ្លែងក្នុងពិធីសម្ពោធសៀវភៅ «ធម្មជាតិក្នុងចិត្ត»នេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានគូសបញ្ជាក់ថា៖ ដើមចមដែលធ្វើឱ្យអ្នកឧកញ៉ា សម្រេចចិត្តចងក្រងសៀវភៅដែលជាស្នាដៃទី១២នេះឡើង ដោយសារតែកាលពីឆ្នាំ២០២៣ តំណាងព្រះពុទ្ធសាសនិកខ្មែរ ត្រូវបានអនុញ្ញាតឱ្យចូលគាល់សម្ដេច ប៉ាប ហើយគ្រានោះ អ្នកឧកញ៉ា បានជួបរឿងរ៉ាវច្រើននៅតាមផ្លូវ ដែលបានជំរុញចិត្តអ្នកឧកញ៉ាចង់ចងក្រងសៀវភៅនេះឡើង។

បើតាមការបញ្ជាក់របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យដឹងថា សៀវភៅ «ធម្មជាតិក្នុងចិត្ត»នេះចំណាយពេលចងក្រងប្រមាណ១ឆ្នាំកន្លះ ទើបសម្រេចឈានដល់ការបោះពុម្ពជាផ្លូវការ។ សៀវភៅនេះ មានសរុបចំនួន ៣០០ទំព័រ ហើយក៏នឹងត្រូវដាក់លក់ក្នុងតម្លៃ ៨,៥ដុល្លារ។ ជាពិសេស នៅក្នុងពិធីសម្ពោធនាព្រឹកថ្ងៃទី១១ ខែកញ្ញា អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានផ្ដល់នូវសៀវភៅនេះដោយឥតគិតថ្លៃជាច្រើនក្បាលជូនដល់ភ្ញៀវដែលបានចូលរួមជាច្រើននាក់ ព្រមទាំងបានផ្ដល់នូវការចុះហត្ថលេខាលើសៀវភៅ និងថតរូបអនុស្សាវរីយ៍ថែមទៀត។

ជាមួយគ្នា លោក សុខ សារីម តំណាងបណ្ណាគារអន្តរជាតិ បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានជ្រើសរើសយកទីតាំងបណ្ណាគារអន្តរជាតិ សម្រាប់រៀបចំពិធីសម្ពោធសៀវភៅ «ធម្មជាតិក្នុងចិត្ត»។ លោក សុខ សារីម រំពឹងថា នៅថ្ងៃខាងមុខអ្នកឧកញ៉ា វេជ្ជបណ្ឌិត នឹងជ្រើសយកបណ្ណាគារអន្តរជាតិ ដើម្បីរៀបចំពិធីសម្ពោធសៀវភៅបន្តទៀត។

លោកបូជាចារ្យ គង់ វៀល បានថ្លែងលើកឡើងអំពីបទពិសោធ និងចំណាប់អារម្មណ៍ ដែលរូបលោកបានធ្វើដំណើរទៅចូលគាល់សម្ដេចប៉ាបជាមួយនឹងអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ លោកបូជាចារ្យ យល់ថា ការចូលគាល់សម្ដេច ប៉ាប នាពេលនោះ ពិតជាអស្ចារ្យមែនទែន ដែលអាចធ្វើឱ្យប្រទេសខ្មែរមានភាពជឿនលឿន។ ពោល បន្តិចម្ដងៗនាពេលអនាគតប្រទេសខ្មែរនឹងក្លាយជាប្រទេសពោរពេញទៅដោយភាពដឹកនាំនៅតំបន់អាស៊ីអាគ្នេយ៍។

សៀវភៅ «ធម្មជាតិក្នុងចិត្ត» បានដកស្រង់ដំណើរអញ្ជើញចូលគាល់សម្ដេចប៉ាប ដោយមានរឿងរ៉ាវជាច្រើនត្រូវបានលើកយកមកពិភាក្សានិងចែករំលែកទៅវិញទៅមកពីបុគ្គលសំខាន់ៗដែលមានវត្តមានចូលរួម។ ផ្សារភ្ជាប់ទៅនឹងប្រធានបទ «សន្តិភាព» មានបញ្ហាជាច្រើនត្រូវបានលើកមកបំផុស ដែលក្នុងនោះរួមមាន ការបំផុសគំនិតចូលរួមថែរក្សាធម្មជាតិ ការផ្សះផ្សារបួសធម្មជាតិ សេរីភាពក្នុងការគោរពនិងប្រតិបត្តិសាសនានានានៅក្នុងប្រទេសកម្ពុជា វិបត្តិមនុស្សជាតិដែលបង្កឡើងដោយសង្គ្រាម វិបត្តិមនុស្សជាតិដែលកើតឡើងដោយសារជម្លោះសាសនា វិបត្តិបរិស្ថានដែលបង្កឡើងដោយមនុស្សនិងសង្គ្រាម ភាពលោភលន់បង្កឱ្យមានវិបត្តិរ៉ាំរ៉ៃក្នុងសង្គម ផលវិបាកចំពោះមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធសង្គមក្រោយសង្គ្រាមរលត់ផុតទៅ និងបញ្ហាវិបត្តិផ្លូវចិត្តរបស់ប្រជានជនខ្មែរផងដែរ។

គួរបញ្ជាក់ថា ស្នាដៃនេះគឺជាសក្ខីភាពមួយដែលឆ្លុះបញ្ជាំងពីមិត្តភាព សន្តិភាព និងការផ្សះផ្សា តាមរយៈសកម្មភាពដ៏កម្រនឹងកើតមានពីតំណាងពុទ្ធសាសនិកនិងគ្រិស្តសាសនិកសម្រាប់មនុស្សជាតិនៃយើង៕

អត្ថបទដោយ៖ យឺន សីហា