សុខភាព Feb 08, 2024

អាមេរិកសន្យាជួយកម្ពុជាក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នៅត្រឹមឆ្នាំ២០២៥

image

ក្នុងជំនួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រីវេជ្ជបណ្ឌិត Mandy Cohen នាយិកាមជ្ឈមណ្ឌលត្រួតពិនិត្យ បង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានបង្ហាញពីការប្ដេជ្ញាចិត្ត និងសន្យាក្នុងការជួយជ្រោមជ្រែងក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា លើការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥។

លោកសាស្ត្រាចារ្យ ឈាង រ៉ា បានស្វាគមន៍ និងថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក និងប្រជាជនអាមេរិក តាមរយៈការផ្តល់ ជំនួយសហប្រតិបត្តិការបច្ចេកទេសដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ The United States Agency for International Development (USAID) ជាពិសេសមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង Center for Disease Control and Prevention (US-CDC) ដែលបានសហការចូលរួមគាំទ្រក្រសួងសុខាភិបាល និងរួមចំណែកលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព ដែលមាន ភាពធន់ និងរឹងមាំនៅប្រទេសកម្ពុជា ជាច្រើននាពេលកន្លងមក ។

ជាមួយគ្នា លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ យ៉ាងជិតស្និតរវាងក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង Center for Disease Control and Prevention (US-CDC) ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជំងឺរបេង ជំងឺគ្រុនចាញ់ គ្រុនផ្តាសាយបក្សី និងការគាំទ្រមន្ទីរពិសោធន៍ជាតិ និងមន្ទីរពិសោធន៍បណ្តុះមេរោគ គ្រប់គ្រងភាពស៊ាំនឹងថ្នាំសម្លាប់មេរោគ និងការចូលរួមការពារសន្តិសុខសុខភាពសកល បន្ទាប់ពីបានបង្កើតការិយាល័យរបស់ខ្លួននៅកម្ពុជាចាប់តាំងពីឆ្នាំ២០០២មក ជាពិសេសគឺកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងផ្តល់នូវជំនួយវ៉ាក់សាំងកូវីដ-១៩ ផងដែរ។

លោកស្រីវេជ្ជបណ្ឌិត Mandy Cohen នាយិកាមជ្ឈមណ្ឌលត្រួតពិនិត្យ បង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការរួមគ្នាពង្រឹងភាពជាដៃគូដើម្បីសម្រេចបាននូវគោលដៅដែល បានកំណត់ដោយផែនការយុទ្ធសាស្រ្តសុខាភិបាល២០២២-២០៣០ (HSP4) ព្រមទាំងសហការបន្តពង្រឹងសន្តិសុខសុខភាពសាកលបន្ថែមទៀត តាមរយៈការបន្តគាំទ្រការបណ្តុះបណ្តាលមន្ត្រីសុខាភិបាល ដើម្បីជួយក្នុងការអនុវត្តកម្មវិធីសុខភាពសាធារណៈនៅកម្ពុជា៕

អត្ថបទដោយ៖ យឺន សីហា