សង្គម Jan 22, 2024

អ្នកឧកញ៉ា គួច​ ម៉េងលី៖ កម្ពុជានឹងបន្តរងគ្រោះដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍បើសិនជាគ្មានការយកចិត្តទុកដាក់

image

បច្ចុប្បន្នបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមធំមួយសម្រាប់កម្ពុជា ខណៈអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានស្ទើរជារៀងរាល់ថ្ងៃ។ ជាការកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយ ពោលគិតត្រឹមដើមឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្សជាបន្តបន្ទាប់ និងបណ្ដាលឱ្យមានអ្នករងរបួសជាច្រើននាក់ ហើយក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ ករណីខ្លះបានកើតឡើងក្នុងសភាពគួរឱ្យតក់ស្លុត និងសាហាវយ៉ាងខ្លាំង។

ជុំវិញបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានថ្លែងលើកឡើងថា៖ នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន បញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសារមូលហេតុមួយចំនួន ដូចជា៖ ប្រជាពលរដ្ឋនៅខ្វះការយល់ដឹងអំពីច្បាប់ចរាចរណ៍ អ្នកបើកបរមិនទាន់មានបទពិសោធន៍ច្បាស់លាស់ អ្នកបើកបរនៅខ្វះសីលធម៌ក្នុងការបើកបរ និងប្រជាពលរដ្ឋភាគច្រើននិយមការទទួលទានគ្រឿងស្រវឹងច្រើនហួសហេតុពេក

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែងលើកឡើងថាអាជ្ញាធរហាក់នៅមានកម្រិតក្នុងការអនុវត្ត ក៏ដូចជាគ្រប់គ្រងច្បាប់ចរាចរណ៍ត្រង់ចំណុចនេះអ្នកឧកញ៉ា វេជ្ជបណ្ឌិត បានទទូចឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធរឹតបន្តឹងចំពោះការផ្ដល់ប័ណ្ណបើកបរដល់អ្នកបើកបរ។ ផ្ទុយទៅវិញ បើសិនជាអាជ្ញាធរ និងភាគីពាក់ព័ន្ធមិនយកចិត្តទុកដាក់នោះទេ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នឹងនៅតែបន្តកើតឡើង ហើយក៏បន្តជាបញ្ហាប្រឈមដល់កម្ពុជា”។

បន្ថែមពីនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត បន្តថាការឃោសនាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរផុសផុលនៅតាមបណ្ដាញសង្គម និងនៅតាមប្រព័ន្ធផ្សព្វផ្សាយនានា ក៏ជាកត្តាមួយផងដែរ ដែលជំរុញឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។ ជាកត្តាជំរុញដោយហេតុថា ការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរភាគច្រើន មានចរិតទាក់ទាញជ្រុលខ្លាំងពេក ក្នុងរូបភាពជាការផ្ដល់រង្វាន់ម៉ូតូ ឬឡានជាដើម។ល។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត សង្កេតឃើញថា៖ កន្លងមកធ្លាប់មានការហាមប្រាមជាបន្តបន្ទាប់ពីក្រសួងស្ថាប័នពាក់ព័ន្ធ ប៉ុន្តែការឃោសនា និងផ្សព្វផ្សាយគ្រឿងស្រវឹងនៅតែមានក្នុងអត្រាច្រើនដដែល។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត កត់សម្គាល់ថា ប្រទេសគេផ្សេងក៏មានការផ្សព្វផ្សាយស្រាបៀរដូចគ្នា ប៉ុន្តែប្រទេសគេពុំផ្សព្វផ្សាយជ្រក់ជ្រេញខ្លាំងដូចកម្ពុជានោះទេ

ជាទស្សនទានដើម្បីចូលរួមដោះស្រាយបញ្ហានេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានអំពាវនាវដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ឱ្យមានវិធានការជាបន្ទាន់ និងម៉ឺងម៉ាត់ដើម្បីឆ្លើយតបទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បើពុំដូច្នោះទេ កម្ពុជានឹងនៅតែមានអ្នករងរបួស អ្នកស្លាប់ និងក្មេងកំព្រាដែលជាសោកនាថកម្មព្រោះតែគ្រោះថ្នាក់ចរាចរណ៍៕

អត្ថបទដោយ៖ យឺន សីហា