Stand with Cambodia — Together for Our Future
សង្គម Mar 22, 2024

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អំពាវនាវឱ្យសង្គមយកចិត្តទុកដាក់លើកុមារកើតជំងឺដោនស៊ីនដ្រូម និងស្នើកុំឱ្យរើសអើងពួកគេ

image

មូលនិធិ ម៉េងលី ជេ.គួច(Mengly J. Quach Foundation) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានរួមសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៧ រួមមានដូចជា៖ អូឡាំពិកពិសេសកម្ពុជា អង្គការមូលនិធិកុមារពិការ សាលាទន្សាយទួលគោក ​អង្គការភាពញញឹមកុមារ អង្គការការីតាសតាខ្មៅ មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ និងយុវវ័យ អង្គការជនដែលមានពិការភាពសិលាកម្ពុជា  និងគ្រឹះស្ថាននៃធម៌មេត្តាករុណា បានប្រារព្ធរៀបចំនូវទិវា “ដោនស៊ីនដ្រូមពិភពលោកដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺដោនស៊ីនដ្រូមនៅកម្ពុជា និងដើម្បីដំណើរការឡើងវិញនូវភាពស៊ីសង្វាក់គ្នា​។

ទិវានេះមានការចូលរួមជាធិបតីភាពពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកមូលនិធិ ម៉េងលី ជេ. គួច និងមានការចូលរួមពីកុមារកើតជំងឺដោនស៊ីនដ្រូម(Down Syndrome) មាតាបិតារបស់កុមារកើតជំងឺដោនស៊ីនដ្រូម ក្រុមការងាររបស់មូលនិធិ ម៉េងលី ជេ. គួច បុគ្គលិកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងតំណាងអង្គការមិនមែនរដ្ឋាភិបាលសរុបប្រមាណ ១២០នាក់។ កម្មវិធីទិវាដោនស៊ីនដ្រូមពិភពលោកនេះក៏ទទួលបានជំនួយគាំទ្រពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ គួច ក្នុងទំហំថវិកាប្រមាណ ២៥,៩៨២,០០០ រៀល ដើម្បីរៀបចំកម្មវិធីទាំងមូលនៅថ្ងៃនេះផងដែរ ហើយនាឱកាសនោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានប្រកាសឧបត្ថម្ភថវិកាចំនួន ៨លានរៀល បន្ថែមទៀត ដើម្បីចាត់ចែងការចំណាយក្នុងកម្មវិធីនោះ។

ថ្លែងក្នុងទិវាដោនស៊ីនដ្រូមពិភពលោកនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច​ ម៉េងលី ស្ថាបនិកមូលនិធិ ម៉េងលី ជេ. គួច បានមានប្រសាសន៍លើកឡើងអំពីលក្ខណៈផ្សេងៗ និងមូលហេតុនៃការកើតជំងឺដោនស៊ីមដ្រូម។ ជាមួយគ្នា អ្នកឧកញ៉ា វេជ្ជបណ្ឌិត បានបញ្ជាក់ថា ការប្រារព្ធរៀបចំទិវាដោនស៊ីនដ្រូមនេះឡើង ក្នុងគោលបំណងបញ្ជ្រាប ដាស់តឿន ក្រើនរម្លឹក និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងអំពីជំងឺដោនស៊ីនដ្រូម។ ជាពិសេស ទិវានេះប្រារព្ធឡើង ដើម្បីឱ្យប្រជាពលរដ្ឋទទួលស្គាល់អ្នកជំងឺដោនស៊ីនដ្រូម និងកុំមានការរើសអើសពួកគេ។

ជាការកត់សម្គាល់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត បានបង្ហើបពីគម្រោងបង្កើតនូវសាលាបណ្ដុះបណ្ដាលមុខជំនាញវិជ្ជាជីវៈដល់កុមារ ក៏ដូចជាអ្នកជំងឺដោនស៊ីនដ្រូមមុនគេបង្អស់នៅរាជធានីភ្នំពេញ ដើម្បីជួយឱ្យពួកគេអាចមានឱកាសសិក្សារៀនសូត្រមុខជំនាញ និងអាចចេញប្រកបការងារ ឬមុខរបរចិញ្ចឹមជីវិតបាន។

លោកស្រី សេង ម៉ារ៉ុម ប្រធានសមាគមមាតាបិតា បានសម្ដែងសេចក្ដីសោមនស្សរីករាយ និងរំភើបឥតឧបមា ដែលបានចូលរួមប្រារព្ធរៀបចំទិវាដោនស៊ីនដ្រូម និងបង្ហាញក្ដីរំពឹងថា ទិវានេះ​នឹងត្រូវរៀបចំឱ្យបានជារៀងរាល់ឆ្នាំ។ លោកស្រីប្រធានសមាគមមាតាបិតា បានអំពាវនាវដល់ជនមួយចំនួនដែលមានឥរិយាបថរើសអើស មើលងាយ ឬស្អប់ខ្ពើមដល់កុមារ ឬជនពិការគ្រប់រូបភាព ព្រោះពួកគេក៏មានសិទ្ធិពេញលេញដូចគ្នាដែរ។ លោកស្រី អំពាវនាវដល់ឪពុកម្ដាយ និងអាណាព្យាបាលអ្នកកើតជំងឺដោនស៊ីនដ្រូមទាំងអស់ កុំ​មានគំនិតទុទ្ទិដ្ឋិនិយម​ ឬបាក់ទឹកចិត្តឱ្យសោះ ព្រោះពីពួកគេជាកូនជាចៅដែលគួរឱ្យអាណិតបំផុត។ ប្រធានសមាគមមាតាបិតា ក៏ទទូចស្នើសុំដល់រាជរដ្ឋាភិបាល ឱ្យពិនិត្យលទ្ធភាពក្នុងការបង្កើតសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់អ្នកជំងឺដោនស៊ីនដ្រូមផងដែរ។

លោកឪ គង់ វៀល លោកបូជាចារ្យព្រះសមាគមកាតូលិក បានមានប្រសាសន៍ថា៖ ជាទម្លាប់ទិវាដោនស៊ីនដ្រូម គេតែងតែពាក់ស្រោមជើងដែលមានពណ៌ខុសគ្នា​ ដែលសបញ្ជាក់អំពីការរួមចំណែកលើកទឹកចិត្តដល់អ្នកជំងឺដោនស៊ីនដ្រូម និងជួយផ្សព្វផ្សាយថា ជំងឺដោនស៊ីនដ្រូមមិនមែនជាជំងឺឆ្លងរាលដាលនោះទេ។

លោកវេជ្ជបណ្ឌិត Bhoomi Kumar នាយកកម្មវិធីរបស់អង្គការការីតាសតាខ្មៅ មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ និងយុវវ័យ បានកត់សម្គាល់ថា នៅប្រទេសផ្សេងទៀត អ្នកជំងឺដោនស៊ីនដ្រូមអាចធ្វើការ និងមានឯករាជ្យភាពដូចទៅនឹងមនុស្សធម្មតាដូចគ្នា។ ចំណុចខ្លាំងរបស់អ្នកកើតជំងឺដោនស៊ីនដ្រូម គឺចូលចិត្តផ្នែកសិល្បៈតន្រ្តី។ យ៉ាងណាក៏ដោយ កុមារកើតជំងឺដោនស៊ីនដ្រូម ត្រូវការជាគាំទ្រចាំបាច់ ទើបអាចជួយជំរុញឱ្យពួកគេក្លាយខ្លួនទៅជាមនុស្សពោរពេញដោយផលិតភាព។

លោក មៀច ម៉ឺន ឪពុករបស់កុមារីកើតជំងឺដោនស៊ីនដ្រូម បានបង្ហាញការសាទរយ៉ាងខ្លាំងដែលមូលនិធិ ម៉េងលី ជេ. គួច និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានផ្ដួចផ្ដើមរៀបចំទិវាដោនស៊ីនដ្រូមពិភពលោកនេះ។ ជាក់ស្ដែង លោក មៀច ម៉ឺន យល់ថា ជារឿងល្អដែលមូលនិធិ ម៉េងលី ជេ. គួច ផ្ដួចផ្ដើមឱ្យមានជាការលេងល្បែងកម្សាន្តដល់កុមារដោនស៊ីនដ្រូម ក៏ដូចជាកូនរបស់លោកជាដើម។

គួរបញ្ជាក់ថា ជំងឺដោនស៊ីនដ្រូម​(Down Syndrome) ជាជំងឺដែលកើតចេញមកពីហ្សែន ដោយសារការលើសនៃចំនួនក្រូម៉ូសូម។ ជាធម្មតា ទារកកើតមកមានក្រូម៉ូសូមចំនួន២៣គូ ឬមាន៤៦ក្រូម៉ូសូម ចំណែកទារកដែលមាន ជំងឺដោនស៊ីនដ្រូមមានក្រូម៉ូសូមចំនួន ៤៧ ដោយសារតែក្រូម៉ូសូមទី២១លើសចំនួន១។ ជំងឺដោនស៊ីនដ្រូមបណ្តាលឱ្យកុមារមានបញ្ហាក្នុងការលូតលាស់ផ្នែករាងកាយ និងសតិបញ្ញាមិនប្រក្រតី៕

អត្ថបទដោយ៖ យឺន សីហ