អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអំពីការផ្ទុះឡើង នៃការឆ្លងរាលដាលជំងឺអុតស្វា (Mpox) នៅតំបន់មួយចំនួនក្នុងប៉ែកអាហ្រ្វិក ដោយការឆ្លងរាលដាលកំពុងឈានដល់កម្រិតប្រកាសអាសន្ន ដែលអាចប៉ះពាល់ដល់សុខភាពសាធារណៈ និងអាចបង្កជាការព្រួយបារម្ភជាអន្តរជាតិ។ គិតមកទល់ពេលនេះជំងឺអុតស្វា (Mpox) បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥០នាក់ហើយ រាប់ចាប់តាំងពីបានផ្ទុះឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ នេះបើយោងតាមការចុះផ្សាយដោយបណ្ដាញសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤។
ជំងឺអុតស្វា (Mpox) ស្ថិតមានសែស្រឡាយជាមួយនឹងជំងឺអុតស្វាយដែរ។ ដើមឡើយជំងឺនេះអាចឆ្លងពីសត្វទៅមនុស្សប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នវាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន។ ករណីឆ្លងជំងឺអុតស្វា (Mpox) ស្ទើរតែជារឿងធម្មតាទៅហើយនៅតំបន់ដាច់ស្រយាលក្នុងប៉ែកអាហ្រ្វិក ជាពិសេសដូចជា៖ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DR Congo)ជាដើម។ តំបន់ទាំងនេះ មានករណីឆ្លងជំងឺអុតស្វា (Mpox) រាប់ពាន់នាក់ និងរាប់រយនាក់បានស្លាប់ដោយសារជំងឺនេះជារៀងរាល់ឆ្នាំ ក្នុងនោះ កុមារអាយុក្រោម ១៥ឆ្នាំ ជាជនងាយរងគ្រោះជាងគេ។
ជាទូទៅជំងឺអុតស្វា (Mpox) ចែកចេញជាពីរប្រភេទគឺ៖ ប្រភេទ Clade 1 និង Clade 2។ កាលពីអំឡុងឆ្នាំ២០២២ ជំងឺអុតស្វា (Mpox) ផ្ទុះឡើងភាគច្រើនបណ្តាលមកពីវីរុសអុតស្វាប្រភេទ Clade 2 ស្រាល។ ជំងឺនេះបានឆ្លងរីករាលដាលរហូតដល់ប្រទេសប្រមាណជិត ១០០ប្រទេស ដែលជាធម្មតាមិនឃើញមេរោគនេះ រួមទាំងតំបន់មួយចំនួននៅអឺរ៉ុប និងអាស៊ី ប៉ុន្តែជំងឺនេះត្រូវបានគ្រប់គ្រងដោយការចាក់វ៉ាក់សាំងលើក្រុមមនុស្សដែលងាយរងគ្រោះ។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ ជំងឺអុតស្វា (Mpox) ភាគច្រើននៃការស្លាប់បណ្ដាលមកពីវីរុសអុតស្វាប្រភេទ Clade 1 ដោយអត្រាស្លាប់មានរហូតដល់ ១០ភាគរយ នៃចំនួនអ្នកដែលកើតជំងឺអុតស្វា (Mpox)។ មានការផ្លាស់ប្តូរមេរោគនៅជុំវិញខែកញ្ញាឆ្នាំមុន។ ការផ្លាស់ប្តូរបាននាំឱ្យមានការផ្ទុះឡើង - ហៅថា Clade 1b - ហើយបានបន្តឆ្លងរីករាលដាលយ៉ាងឆាប់រហ័សតាំងពីពេលនោះមក។ វីរុសថ្មីនេះត្រូវបានគេចាត់ថ្នាក់ថា វាមានគ្រោះថ្នាក់បំផុត។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងតំបន់អាហ្រ្វិក (CDC) អះអាងថា៖ មានករណីឆ្លងជំងឺអុតស្វា (Mpox) ប្រមាណជាង ១៤,៥០០នាក់ និងសម្លាប់មនុស្សជាង ៤៥០នាក់ រាប់ចាប់ពីដើមឆ្នាំ២០២៤ មកដល់ចុងខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។ ពោល តួលេខអ្នកឆ្លងការកើនឡើងប្រមាណ ១៦០ភាគរយ រីឯករណីស្លាប់កើនឡើង ១៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ចំណែកករណីឆ្លងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោមានករណីឆ្លងដល់ទៅ ៩៦ភាគរយ និងបានឆ្លងរីករាលដាលដល់ប្រទេសជិតខាងជាច្រើនដូចជា៖ ប្រទេសប៊ូរុនឌី កេនយ៉ា រវ៉ាន់ដា និងអ៊ូហ្គង់ដា។
មន្រ្តីសុខាភិបាលរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបង្ហាញពីក្ដីបារម្ភនូវការឆ្លងរាលដាលជំងឺនេះ ខណៈអ្នកជំនាញផ្នែកសុខភាពបានព្រមានថា ជំងឺអុតស្វាដែលបង្កឡើងដោយវីរុសជំនាន់ថ្មីនឹងអាចនឹងរីករាលដាលកាន់តែងាយស្រួល ដែលបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ និងការស្លាប់កាន់តែច្រើនចំពោះកុមារ និងមនុស្សពេញវ័យ៕
អត្ថបទដោយ៖ យឺន សីហា