សុខភាព Mar 19, 2024

ធ្វើយ៉ាងណាដើម្បីការពារកុមារ និងទារកពីអាកាសធាតុក្ដៅខ្លាំង?

image

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា កម្ពុជានឹងអាចបន្តកើនឡើងកម្ដៅរហូតដល់ ៣៨អង្សាសេ នៅតាមតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប ខណៈនៅតំបន់មាត់សមុទ្រនឹងអាចកើនឡើងកម្ដៅដល់ ៣៦អង្សាសេ។

ទន្ទឹមនឹងការកើនឡើងកម្ដៅនេះ តើយើងគួរថែទាំ និងការពារកុមារពីអាកាសធាតុក្ដៅខ្លាំងបែបនេះដោយរបៀបណា?

រឿងដែលឪពុកម្ដាយ និងអាណាព្យាបាល ត្រូវធ្វើ គឺត្រូវពិនិត្យកូនៗ ឬកុមារឱ្យបានទៀតទាត់ ប្រសិនបើពួកគេស្រេកទឹក បែកញើស មានអារម្មណ៍ក្ដៅ ក្អួត មាត់ស្ងួត និងស្អិត ឬឈឺក្បាលជាដើម។ ប្រសិនបើកុមារ មានអាការៈមិនស្រួល ក្ដៅខ្លួនខ្លាំង វិលមុខ ឬដកដង្ហើមញាប់ ត្រូវយកពួកគេទៅមន្ទីរពេទ្យជាបន្ទាន់។

ឪពុកម្ដាយ និងអាណាព្យាបាល ត្រូវឱ្យកុមារស្លៀកពាក់ខោអាវរលុង ព្រោះវាអាចជួយការពារការរលាកដោយកម្ដៅ និងឡើងកម្ដៅបាន។ មិនតែប៉ុណ្ណោះ ត្រូវពិនិត្យមើលថា កូនៗ ឬកុមារញាំទឹកបានគ្រប់គ្រាន់ហើយឬនៅ? ពួកគេប្រហែលជាមិនដឹងថា ការខ្វះជាតិទឹក និងការឡើងកម្ដៅក្នុងខ្លួន មានអារម្មណ៍បែបណានោះទេ។

ចំពោះ កុមារអាហារក្រោម៦ខេ ត្រូវបំបៅទឹកដោះម្ដាយតែមួយមុខគត់ ហើយម្ដាយដែលបំបៅដោះកូន គួរតែទទួលទានទឹកឱ្យបានច្រើន ព្រោះការខ្វះជាតិទឹក អាចប៉ះពាល់ដល់ការផលិតទឹកដោះ។ កុមារដែលមានអាយុចាប់ពី ៦ខែឡើង គួរញាំទឹកឱ្យបានទៀងទាត់ក្នុងមួយថ្ងៃ។

ដោយឡែក សម្រាប់ប្រការដែលមិនគួរធ្វើនៅអំឡុងការកើនឡើងកម្ដៅខ្លាំងនេះ ឪពុកម្ដាយ និងអ្នកអាណាព្យាបាល មិនត្រូវផ្ដល់ថ្នាំដល់ទារក ដោយមិនបានពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើពួកគេមានអាការៈឡើងកម្ដៅឡើយ។ ជាមួយគ្នា ក៏មិនត្រូវទុកកុមារ និងទារក ក្នុងកន្លែងបិទជិតដោយគ្មានខ្យល់ចេញ-ចូល ដូចជា រថយន្ត ឬបន្ទប់ដែលមានបង្អួចបិទជិត។ ឪពុកម្ដាយ និងអ្នកអាណាព្យាបាល មិនត្រូវទុកឱ្យកុមារលេងនៅខាងក្រៅយូរពេក នៅពេលអាកាសធាតុក្ដៅ ឬមិនបាននៅមើលពួកគេនោះទេ ប៉ុន្តែត្រូវឱ្យពួកគេសម្រាករៀងរាល់ ៣០នាទីម្ដង នៅពេលហាត់ប្រាណ ឬលេងក្រោមសីតុណ្ហភាពក្ដៅ អាចនាំឱ្យបាត់បង់ជាតិទឹក និងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទដោយ៖ យឺន សីហា