ព័ត៌មានជាតិ Mar 07, 2022

ធ្វើ​នំ​ខ្មែរ​លក់​ដើម្បី​ជួយរក្សាអត្តសញ្ញាណជាតិ ល្បី​តាំងពីសៀមរាប​ដល់ភ្នំពេញ

នំបែបប្រពៃណីខ្មែរដែលភាគច្រើនឃើញមានតែនៅក្នុងពិធីបុណ្យនិងពិធីជួបជុំបែបសាសនា ឥឡូវនេះ ស្រ្តីខ្មែរមួយរូបឈ្មោះ ទុំ ពិសី យកមកអភិរក្សដោយបានច្នៃម៉ូដយ៉ាងស្រស់ស្អាតបែបទំនើបមានរសជាតិឆ្ងាញ់ប្លែកខុសគេ រហូតអតិថិជនចាប់អារម្មណ៍ខ្លាំងរួមទាំងជនបរទេសផងដែរ។

ស្រ្តីឆ្នើមនិងជាម្ចាស់ហាងនំខ្មែរ «កញ្ញា ឧត្តម» បានប្រាប់ក្រុមការងារ MJQTV ដូច្នេះថា នំខ្មែរដែលលោកស្រីច្នៃតុបតែងម៉ូដដោយប្រើស្លឹកតយ យ៉ាងស្រស់ស្អាត បានទទួលការចាប់អារម្មណ៍ខ្លាំងឡើងៗពីពលរដ្ឋខ្មែរ ទើបសម្រេចចុះកម្មសិទ្ធបញ្ញា «កន្ទោងស្លឹកតយ» នៅឆ្នាំ ២០១៦ រហូតទទួលបានពានរង្វាន់ថ្នាក់ជាតិផ្នែក «ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍សម្រាប់ឆ្នាំ ២០១៩-២០២១»។  

ពាក់ព័ន្ធរឿងតម្លៃ លោកស្រី ពិសី បញ្ជាក់ថានំខ្មែររាងថ្លៃជាងនំបរទេសបន្តិច ដោយសារគ្រឿងផ្សំទាំងអស់សុទ្ធតែស្រស់មិនធ្វើក្លាស្សេទុកលក់ឡើយ។ លោកស្រី សង្កត់ធ្ងន់ថា ដោយសារតែនំខ្មែរធ្វើទាំងអស់ មានគុណភាព ការរចនាស្តង់ដារ ទើបជាហេតុទទួលបានការគាំទ្រពីអតិថិជនជាហូរហែរមករហូត។ 

កាលដើមឡើយ មុនពេលលេចចេញគំនិតមកច្នៃនំខ្មែរទៅជានំបែបទំនើបដូចបច្ចុប្បន្ន គឺដោយសារអ្នកស្រីបានមើលឃើញពលរដ្ឋខ្មែរមានទំនោរចាប់អារម្មណ៍នំបរទេសខ្លាំងឡើងៗ ស្ទើរតែភ្លេចនំខ្មែរ។ ដោយ ខ្លាចថា អត្តសញ្ញាណនំដែលដូនតាខំថែររក្សារាប់ទស្សវត្សត្រូវបាត់បង់ ហើយម្យ៉ាងចង់លើកស្ទួយកសិផលជាតិផងនោះ ទើបបង្កើតជាកូនចិត្តឱ្យអ្នកខេត្តសៀមរាបរូបនេះ ខំពុះពាររិះរកគំនិតច្នៃនំខ្មែរបែបប្រពៃណីមកជាម៉ូដសម័យទំនើប ល្មមអាចយកទៅរៀបចំពិធីពិសេសៗដូចជាកម្មវិធីខួបកំណើតនិងខួបអនុស្សាវរីយ៍ជាដើមមិនចាញ់នំខេកបរទេសនោះទេ៕